ខេត្តកំពង់ចាម ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីភាពប្រារព្ធពិធីអបអរសាទរទិវាមច្ឆជាតិ១កក្កដា លើកទី១៩ ហើយសម្តេច ក៏មានការលែងកូនត្រី ១.៥លានក្បាលចូលទៅក្នុងបឹងធំ ដែលជាបឹងធម្មជាតិដ៏ធំ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានដូចខាងក្រោម៖
-សម្តេចធិបតី ថ្លែងថា ត្រីគឺជាប្រភពអាហារជាចម្បងរបស់ប្រជាពលដ្ឋខ្មែរ ដូច្នេះបងប្អូនប្រជាពលរដ្ឋគប្បីថែរក្សា និងធ្វើការអភិរក្សត្រីនេះ ឲ្យកាន់តែមានប្រសិទ្ធភាព និងសម្បូរបន្ថែមទៀត។
-សម្ដេចធិបតី ថ្លែងស្នើឱ្យលែងត្រីគ្រប់រដូវ មិនមែនតែលែងត្រី ក្នុងទិវាមច្ឆជាតិ ០១ កក្កដា តែមួយថ្ងៃ។សម្ដេចធិបតី ពិនិត្យឃើញថាពលរដ្ឋមានស្មារតី ចាប់ផ្ដើមលែងត្រីដែលជិតផុតពូជ ចូលទន្លេ បឹង អាងទឹកឡើងវិញ។
-សម្ដេចធិបតី ថ្លែងអរគុណក្រសួង ស្ថាប័ន រដ្ឋបាលខេត្ត ដែលបានជួយសង្គ្រោះពលរដ្ឋតាមខេត្ត ដែលជួបប្រទះបញ្ហាគ្រោះរាំងស្ងួត។
-សម្ដេចធិបតី ថ្លែងណែនាំក្រសួងធនធានទឹក និងក្រសួងកសិកម្ម និងភាគីពាក់ព័ន្ធ ត្រូវពិនិត្យត្រៀមជួយសង្គ្រោះពលរដ្ឋមួយចំនួនក្នុងខេត្តកំពង់ឆ្នាំង ដែលជួបប្រទះបញ្ហាគ្រោះរាំងស្ងួត គ្មានទឹក។
-សម្ដេចធិបតី ថ្លែងថា ដរាបណាគណបក្សប្រជាជននៅបន្តកាន់អំណាច ដរាបនោះពន្ធលើផ្ទៃដីដាំដុះកសិផល នឹងត្រូវលើកលែង ដើម្បីជួយដល់កសិករ និងពង្រឹងជីវភាពពលរដ្ឋកាន់តែប្រសើរ។
-សម្ដេចធិបតី ថ្លែងថា រាល់ពេលសម្ដេចជួបជាមួយវិនិយោគិនម្ដងៗ មិនមែនតែដើម្បីឱ្យមកបើកក្រុមហ៊ុននៅកម្ពុជា បង្កើតជាកន្លែងការងារប៉ុណ្ណោះទេ ពោលគឺពេលជួបជាមួយក្រុមហ៊ុនទាំងនោះ ក្នុងគោលដៅបង្កើនការនាំចេញពីកម្ពុជាទៅក្រៅប្រទេស។
-សម្ដេចធិបតី ថ្លែងបង្ហើបថា មានក្រុមហ៊ុនកំពុងសិក្សាបង្កើតផ្សារបោះដុំ ផ្ដោតលើកសិផលរបស់កសិករទៅក្រៅប្រទេស។
-សម្ដេចធិបតី ថ្លែងថា ឆ្នាំនេះវិស័យអចលនទ្រព្យ វិស័យទេសចរណ៍ងើបឡើងវិញរើបៗ ប៉ុន្តែវិស័យកសិកម្មមានតម្លៃល្អ។
-សម្ដេចធិបតី ថ្លែងថា រដ្ឋាភិបាលអាណត្តិទី៧ នឹងខិតខំដឹកនាំបម្រើពលរដ្ឋ ដើម្បីតបស្នងប្រជាពលរដ្ឋទូទាំងប្រទេសដែលគាំទ្រ។
-សម្តេចធិបតី ថ្លែងថា៖ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាបន្តបន្ទាប់ ដើម្បីលើកស្ទួយកសិកម្ម ខណៈវិស័យកសិកម្មជាផ្នែកមួយ នៃការលើកស្ទួយដល់សេដ្ឋកិច្ចកម្ពុជា។
-សម្ដេចធិបតី ស្នើដល់ស្ថាប័នជំនាញ ឱ្យចុះទៅពិនិត្យនៅទីតាំងជាក់ស្ដែង ដែលមានតម្រូវការផលិតផលកសិកម្ម ដើម្បីផ្គត់ផ្គង់ឱ្យត្រូវតាមការចង់បានរបស់ទីផ្សារទាំងនៅកម្រិតជាតិ និងអន្តរជាតិ។
-សម្ដេចធិបតី ថ្លែងអំពាវនាវដល់ស្ថាប័នជំនាញឱ្យបង្កើនការស្រាវជ្រាវ និងបង្កាត់ពូជត្រីដែលជិតផុតពូជឱ្យមានចំនួនច្រើនឡើងវិញ ដើម្បីជំរុញការងារអភិរក្ស និងលែងទៅក្នុងទឹកធម្មជាតិ។
-សម្ដេចធិបតី ថ្លែងថា ក្នុងរយៈពេលប៉ុន្មានខែនេះ កម្ពុជានាំផលិត ផលកសិកម្មជិតប្រាំបួនលានតោន ទៅកាន់ ៧៨ ប្រទេសនៅទូទាំងពិភពលោក។
-សម្ដេចធិបតី ថ្លែងអំណរគុណចំពោះពលរដ្ឋទាំងអស់ ដែលគាំទ្រដល់គម្រោងប្រវត្តិសាស្ត្រព្រែកជីកហ្វូណនតេជោ ដែលការគាំទ្រនេះបង្ហាញពីស្មារតីជាតិនិយមទាំងអស់គ្នា ដោយការគាំទ្រនេះ មានទាំងប្រជាពលរដ្ឋ និងបក្សនយោបាយគ្រប់និន្នាការទាំងអស់។
សូមជម្រាបជូនថា ចាប់តាំងពីឆ្នាំ២០០៣មក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានធ្វើការប្រារព្ធទិវាមច្ឆជាតិ ១កក្កដា ដើម្បីផ្សព្វផ្សាយទិវាមច្ឆជាតិ១កក្កដា និងបំផុសស្មារតីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសចូលរួមអភិរក្ស និងអភិវឌ្ឍធនធានជលផល ប្រកបដោយនិរន្តរភាព សំដៅបង្កើនផលស្តុកមច្ឆជាតិ បំពេញសេចក្តីត្រូវការអាហារមូលដ្ឋានប្រចាំថ្ងៃធានាសន្តិសុខស្បៀង និងជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋជាដើម។ ជារៀងរាល់ឆ្នាំ ត្រីមេពូជ កូនត្រី និងវារីសត្វពូជក្នុងស្រុកប្រមាណ ៥លានក្បាល ត្រូវបានលែងចូលទៅក្នុងដែនទឹកធម្មជាតិ។
សម្រាប់ឆ្នាំ២០២៤នេះ ក្រសួងកសិកម្មរៀបចំទិវាមច្ឆជាតិ ១ កក្កដា លើកទី១៩ នៅទីតាំងបឹងធំ ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្នុងនោះត្រីមេពូជ កូនត្រី និងវារីសត្វសរុបជាង២០ប្រភេទ ចំនួនប្រមាណ ១.៥លានក្បាល ដូចជាត្រីប្រា ត្រីពោ ត្រីឆ្ពិន ត្រីកាហែ ត្រីគល់រាំង បង្កងទឹកសាប អណ្តើក កន្ធាយ និងប្រភេទត្រីជាច្រើនទៀតជាដើម៕
ដោយ៖ តារា