ព័ត៌មានទាន់ហេតុការណ៍៖

កម្មកររោងចក្របើកម៉ូតូ មិនប្រកាន់ស្ដាំបុកជាមួយរថយន្តដឹកកម្មករស្លាប់គួរឱ្យអាសូរ

ចែករំលែក៖

 

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ គួរអោយរន្ធត់ រវាង បុរសជាកម្មកររោងចក្រ បើកម៉ូតូ មិនប្រកាន់ស្ដាំបុកជាមួយរថយន្តដឹកកម្មករ បញ្រ្ចាសទិសគ្នា យ៉ាងពេញទំហឹង លាន់សូរដូចរន្ទះ បណ្ដាលអោយស្លាប់គួរអោយអាសូរ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង២០នាទីទាបភ្លឺ ថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២៤ លើផ្លូវលេខ ១១៤ ស្ថិតក្នុងភូមិ ចុងព្រែក សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថាបុរសខាងលើមានឈ្មោះ ទាប គង្គា  អាយុ ២១ ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិ ឫស្សីព្រៃ ឃុំ កំពង់ចំឡង ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង បើកម៉ូតូ ម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១T.២០២៧ខូចខាតទាំងស្រុង។

ចំណែកអ្នកបើករថយន្ដដឹកកម្មករមិនត្រូវបានស្គាល់ឈ្មោះនោះទេ ក្រោយឃើញសភាពការណ៍មិនស្រួល បានរត់គេចពីកន្លែងកើតហេតុបន្សល់តែ រថយន្តម៉ាកHYUNDAI AERO ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ ៣C.៩៨៨៩ នឹងកន្លែង។

បើតាមសាក្សីបានអោយដឹងថាមុនកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១T.២០២៧ ធ្វើដំណើរ ពី លិចទៅកើត មិនប្រកាន់ស្តាំ ស្រាប់តែ មានរថយន្ត ដឹកកម្មករមួយគ្រឿង ម៉ាកHYUNDAI AERO ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ ៣C.៩៨៨៩ក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានដឹកមក ព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ប៉ុន្តែដោយសភាពធ្ងន់ធ្ងរអកុសលបានស្លាប់គួអោយសង្វេគ។

ចំពោះមធ្យោបាយ ធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចវាស់វែងនិងអូសយកមករក្សាទុកនៅអធិការដ្ឋានក្រុងស្វាយរៀង ដើម្បីចាត់ការបន្តតាមច្បាប់។

សមត្ថកិច្ចបញ្ជាក់ទៀតថា មូលហេតុ ដោយសារតែ អ្នកបើកបរម៉ូតូមិនប្រកាន់ស្តាំ ៕

ដោយ៖ សុថាន


ចែករំលែក៖