ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ ចំនួន ៥ ក្នុង “ទិវាមច្ឆជាតិ” លើកទី១៩

ចែករំលែក៖

ខេត្តកំពង់ចាម ៖ អនុសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវាមច្ឆជាតិ ១កក្កដា ២០២៤ នៅបឹងធំ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ 

អនុសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ទន្ទឹមនឹងការគាំទ្ររបស់រាជរដ្ឋាភិបាលចំពោះសកម្មភាពការងារ ដែលក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន និងកំពុងអនុវត្ត ដើម្បីពង្រឹងការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍធនធានជលផលប្រកបដោយចីរភាព សម្រាប់កូនចៅ ជំនាន់ក្រោយរបស់យើង និងបំផុសស្មារតី ទិវាមច្ឆាជាតិ ១ កក្កដា, សម្តេចធិបតី បានផ្តល់នូវអនុសាសន៍មួយចំនួន ដូចតទៅ ៖

ទី១.រដ្ឋបាលជលផល ត្រូវបន្តពង្រឹងការអភិរក្សធនធានជលផល ព្រៃលិចទឹក និង ព្រៃកោងកាង, ជាពិសេសការអភិរក្សត្រីមេពូជ សត្វផ្សោតទន្លេមេគង្គ និងវារី- សត្វងាយរងគ្រោះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងបន្តលែងកូនត្រី ត្រី មេពូជ និងវារីសត្វឱ្យកាន់តែច្រើនថែមទៀតទៅក្នុងទីជម្រកធម្មជាតិ។ ទន្ទឹមនេះ រដ្ឋបាលជលផល ត្រូវសិក្សា កែលម្អ និងស្តារកន្លែងអភិរក្សត្រីមេពូជ និង ទីជម្រកមច្ឆជាតិផ្សេងទៀតដែលគោករីងរាក់ ជាពិសេសនៅរដូវប្រាំង។ ត្រង់ ចំណុចនេះ សម្តេចធិបតី លើកទឹកចិត្តឱ្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងក្រសួងធនធានទឹក និងឧតុនិយម បង្កើនកិច្ចសហការកាន់តែជិតស្និទ្ធថែមទៀត ដើម្បីការពារ និងសង្គ្រោះជម្រកត្រី ត្រីមេពូជ និងវារីសត្វងាយរងគ្រោះ។

ទី២.ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ត្រូវដឹកនាំ និងជំរុញគាំទ្រការ ចុះបញ្ជីដីរដ្ឋឱ្យបានឆាប់រហ័ស ដើម្បីទប់ស្កាត់ និងបង្ក្រាបចលនាទន្ទ្រានកាន់ កាប់ដីរដ្ឋ, ជាពិសេសតំបន់ជុំវិញបឹងទន្លេសាប ដែលជាជម្រកត្រីពងកូន ជម្រក ត្រី និងជាកន្លែងស្វែងរកចំណី។ ទន្ទឹមនេះ សម្តេចធិបតី លើកទឹកចិត្តដល់ ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍ បន្តចូលរួម ជំរុញចលនាដាំព្រៃលិច និងព្រៃកោងកាង ឡើងវិញ ដើម្បីផ្តល់ជាជម្រកពងកូន សម្រាប់វារីសត្វគ្រប់ប្រភេទ និងថែរក្សានិរន្តរភាពប្រព័ន្ធអេកូឡូស៊ី។

ទី៣.គណៈកម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់ និង បង្ក្រាបបទល្មើសនេសាទនៅបឹង- ទន្លេសាប ត្រូវពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ និង បង្កើនការទប់ស្កាត់ការ នេសាទខុសច្បាប់, ជាពិសេសក្នុងរដូវបិទនេសាទ ដែលត្រីកំពុងពងកូន ព្រម ទាំងចាត់វិធានការម៉ឺងម៉ាត់ចំពោះការផលិត ការចែកចាយ និងការប្រើប្រាស់ ឧបករណ៍នេសាទដែលមានលក្ខណៈបំផ្លិចបំផ្លាញខ្លាំង ដូចជា ឧបករណ៍ឆក់ និងស្បៃមុងជាដើម។ ទន្ទឹមនេះ, គួរបង្កើនការផ្សព្វផ្សាយ ការអប់រំ និងការចូល រួមរបស់ប្រជាពលរដ្ឋក្នុងការអភិរក្ស និងការធានានិរន្តរភាពធនធានជលផល សម្រាប់កូនចៅជំនាន់ក្រោយរបស់យើង។

ទី៤. រដ្ឋបាលជលផល រដ្ឋបាលថ្នាក់ក្រោមជាតិ និងតួអង្គពាក់ព័ន្ធ ត្រូវពង្រឹងសមត្ថ ភាពសហគមន៍នេសាទក្នុងការគ្រប់គ្រង ការពារ និងអភិរក្សធនធានជលផល ស្របតាមទិសស្លោក “សហគមន៍នេសាទ គ្មានបទល្មើសជលផល” និងត្រូវ ខិតខំពង្រីកសកម្មភាពទេសចរណ៍ធម្មជាតិ នៅតាមបណ្តាសហគមន៍ទាំងអស់ ជាពិសេសនៅតំបន់ដែលសម្បូរដោយមច្ឆជាតិ សត្វផ្សោត សត្វស្លាប ព្រៃលិចទឹក និងព្រៃកោងកាង ដែលគាំទ្រជីវភាពប្រជានេសាទ និងកាត់បន្ថយការពឹង ផ្អែកទៅលើការនេសាទតែមួយមុខសម្រាប់ទ្រទ្រង់ជីវភាព។

ទី៥. ជំរុញវារីវប្បកម្មតាមគ្រប់រូបភាព ទាំងទឹកសាប និងសមុទ្រ ដោយលើកកម្ពស់ ការស្រាវជ្រាវបច្ចេកទេសបង្កាត់ ភ្ញាស់វារីសត្វកម្រ ដែលប្រឈមនឹងការផុតពូជ ដើម្បីអភិរក្ស និងកូនត្រីពូជដែលមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ដើម្បីលើកកម្ពស់ជីវភាពវារីវប្បករផង និងកាត់បន្ថយសម្ពាធមកលើធនធានជលផល ធម្មជាតិផង។ ទន្ទឹមនេះ ត្រូវបង្កើនការត្រួតពិនិត្យគុណភាព សុវត្ថិភាព សមត្ថ- ភាពកែច្នៃ និងការអភិវឌ្ឍខ្សែច្រវាក់តម្លៃជលផល ដើម្បីពង្រឹងភាពប្រកួតប្រជែង របស់ផលិតផលជលផលកម្ពុជា ទាំងសម្រាប់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស។ ជាមួយគ្នានេះដែរ សម្តេចធិបតី អំពាវនាវ និង លើកទឹកចិត្តឱ្យដៃគូអភិវឌ្ឍន៍និងវិស័យឯកជន ចូលរួមគាំទ្រឱ្យកាន់តែខ្លាំងថែមទៀត តាមរយៈការផ្តល់

បច្ចេកទេស និងដើមទុន រួមទាំងហិរញ្ញប្បទានការប្រាក់ទាប ដើម្បីជំរុញវារីវប្បកម្ម និងការកែច្នៃផលផលិតផលជលផលកម្ពុជា ៕

ដោយ ៖ សិលា


ចែករំលែក៖