ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជារកចំណូលបានជាង២៤លានដុល្លារអាមេរិកពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរឱ្យភ្ញៀវទេសចរអន្ដរជាតិ ក្នុងរយៈពេល៦ខែឆ្នាំ២០២៤នេះ

ចែករំលែក៖

ភ្នំពេញ៖ គ្រឹះស្ថានអង្គរបានឲ្យដឹងថា កម្ពុជារកចំណូលបានជាង២៤លានដុល្លារអាមេរិកពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរឱ្យភ្ញៀវទេសចរអន្ដរជាតិ ក្នុងរយៈពេល៦ខែឆ្នាំ២០២៤នេះ។ តួលេខនេះមាន ការកើនឡើងជាង៣៦ភាគរយបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ។  

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រិះស្ថានអង្គរ នៅថ្ងៃទី១ ខែកក្តដា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ក្នុង រយៈពល៦ខែ ចាប់ពីខែមករា ដល់ខែដំណាច់ខែមិថុនាឆ្នាំ២០២៤នេះ ភ្ញៀវទេសចរទិញសំបុត្រចូលទស្សនាអង្គរមានចំនួន៥២ម៉ឺន១ពាន់៩៥០នាក់ រកចំណូលបានចំនួន ២៤លាន ៣៥ម៉ឺន៧ពាន់៦៩៥ ម៉ឺនដុល្លារ ។

ចំណែកនៅក្នុងខែមិថុនាឆ្នាំ២០២៤ កន្លងមកនេះ មានភ្ញៀវទេសចរអន្ដរជាតិទិញបណ្ណចូលទស្សនាអង្គរ មានចំនួន៤ម៉ឺន៩ពាន់៦៩២ នាក់ រកចំណូល ថវិកាចំនួន ២លាន១៥ម៉ឺន៨០៤ដុល្លា កើនឡើងជាង១៨ភាគរយ បើធៀបក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។

 គួរបញ្ជាក់ថា ស្ថិតនៅភាគពាយព្យនៃខេត្តសៀមរាប រមណីយដ្ឋានអង្គរ ទំហំ៤០១ គីឡូម៉ែត្រការ៉េ ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់ អង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៩២ គឺជាគោលដៅទេសចរណ៍ពេញនិយមនៅប្រទេសអាស៊ីអាគ្នេយ៍៕

ដោយ៖ សូរិយា


ចែករំលែក៖