ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលជំនាញអធិការក្រុងប៉ៃលិនបានចុះឃាត់ខ្លួនជនសង្ស័យម្នាក់តាមពាក្យបណ្ដឹងក្នុងករណីហិង្សា,ប្រើប្រាស់ថ្នាំញៀន

ចែករំលែក៖

ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលជំនាញក្រុងប៉ៃលិនកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល២១និង០០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ខមានករណីគំរាមកំហែងថា នឹងសម្លាប់ និងពិនិត្យឃើញ ប្រើប្រាស់ដោយសារធាតុញៀនខុសច្បាប់  ករណីនេះដោយជនរងគ្រោះឈ្មោះ សុន សន ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកម្មករ(ប្រជាការពារភូមិកូនភ្នំ)រស់នៅភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

សមត្ថកិច្ចនគរបាលជំនាញក្រុងបានបន្តថា÷ជនសង្ស័យឈ្មោះ សោ ប៉ាវ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន, ជនសង្ស័យជាមុខសញ្ញាចាស់មិនរាងចាល។

១.នៅមុនកើតហេតុជនសង្ស័យបានផឹកស្រាស្រវឹងតែងតែអុកឡុកក្នុងក្រុមគ្រួសារ និងធ្លាប់ប្រព្រឹត្តិហិង្សាក្នុងគ្រួសារជាញិកញាប់។

២-ធ្លាប់ជាប់ពន្ធនាគារខេត្តប៉ៃលិន ពាក់ព័ន្ធករណីគ្រឿងញៀន ឆ្នាំ២០១៩។

-អំពីដំណើររឿង៖ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៩និង១៥នាទី ជនសង្ស័យផឹកស្រាថ្នាំជាមួយមិត្តភក្តិនៅផ្ទះរបស់ម្តាយ ស្ថិតនៅភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន លុះដល់ម៉ោងប្រហែល១៩និង៣០នាទី ជនសង្ស័យឈប់ផឹកជាមួយមិត្តភក្តិ ហើយបានយកកាំបិតបុ័ងតោកាប់បំផ្លាញសម្ភារៈក្នុងផ្ទះម្តាយដូចខាងក្រោម៖

១-ទ្វារផ្ទះ ចំនួន០១។ 

២-ទូរស័ព្ទដៃ ចំនួន០១គ្រឿង។

៣-កំសៀវដាំទឹក ចំនួន០១។

៤-ចង្ក្រានហ្គាស ចំនួន០១។

៥-ចានឆ្នាំង និងសម្ភារៈផ្ទះបាយមួយចំនួន ។

-ក្រោយពីវ៉ៃបំផ្លិចបំផ្លាញសម្ភារៈក្នុងផ្ទះហើយ ជនសង្ស័យកាន់កាំបិតបុ័ងតោ ចំនួន០២ដើម ដើរសំដៅមកមុខផ្ទះជនរងគ្រោះ ហើយស្រែកគំរាមកំហែងរកកាប់ទៅលើជនរងគ្រោះដែលមានទីលំនៅក្បែរគ្នាចំនួន០២លើក៖

-លើកទី១៖ជនសង្ស័យស្រែកគំរាមថា អាសនចេញមកកាប់គ្នាមួយស្មើជាមួយអញ? ហើយស្រែកឡូឡានៅខាងមុខផ្ទះ ដោយមិនមានការតបតពីជនរងគ្រោះឡើយ ពេលនោះជនសង្ស័យឈ្មោះ សោ ប៉ាវ កាន់កាំបិតបុ័ងតោដើរសំដៅទៅកន្លែងផ្សេងទៀត។

-លើកទី២៖មួយសន្ទុះក្រោយជនសង្ស័យដើរកាន់កាំបិតមកផ្ទះរបស់ជនរងគ្រោះម្តងទៀតហើយស្រែកគំរាមថា អាសន ចាំមើលប្រពន្ធកូនអ្ហែងដើរកាត់មុខផ្ទះអញ អញកាប់ឱ្យងាប់ទាំងអស់ដោយមានការភ័យខ្លាចជនរងគ្រោះ និងគ្រួសារបានសង្ងំក្នុងផ្ទះមិនតបតអ្វីទេ ជនសង្ស័យដើរទៅផ្ទះរបស់ខ្លួនបាត់ ទើបជនរងគ្រោះរាយការណ៍មកសមត្ថកិច្ចឱ្យជួយអន្តរាគមន៍។ 

-ក្រោយមកកម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលសង្កាត់អូរតាវ៉ៅ ចុះទៅដល់កន្លែងកើតហេតុ និងបាននាំខ្លួនជនសង្ស័យខាងលើ មកអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីសាកសួរ។ 

សមត្ថកិច្ចជំនាញបានបន្តទៀតថា÷ក្រោយធ្វើការសាកសួរ ជនសង្ស័យឈ្មោះ សោ ប៉ាវ បានឆ្លើយសារភាពថាខ្លួនពិតជាបានស្រែកគំរាមហៅជនរងគ្រោះមកកាប់គ្នា និងវ៉ៃបំផ្លិចបំផ្លាញរបស់របរក្នុងផ្ទះ ពិតប្រាកដមែន។

-វត្ថុតាងដកហូតសរុបរួមមាន៖

១-កាំបិតបុ័ងតោ ចំនួន០២ដើម ពណ៌សចំនួន០១ដើម និងពណ៌ខ្មៅចំនួន០១ដើម)។ 

-យោង៖ពាក្យបណ្តឹងរបស់ជនរងគ្រោះខាងលើ សំណូមពរឱ្យសមត្ថកិច្ច អនុវត្តតាមនីតិវិធីច្បាប់។

-ករណីខាងលើនេះ លោកអធិការបានស្នើសុំយោបល់លោក ស្នងការ ឃាត់ខ្លួនជនសង្ស័យខាងលើរួមទាំងវត្ថុតាង នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តនីតិវិធី ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖