គ្រាប់បាល់ស៊ុតបញ្ចូលទីខ្លួនឯងនៅចុងម៉ោងដោយកីឡាករ Jan Vertonghen របស់ក្រុមបែលហ្ស៊ិកបានជួយឲ្យបារាំងទៅកាន់វគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់ Euro 2024 ដោយយកឈ្នះក្នុងលទ្ធផល១ទល់០កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២ កក្កដានេះ។
ការប្រកួតដែលពោរពេញដោយភាពរំជើបរំជួលសម្រាប់ក្រុមខ្លាំងទាំង២ត្រូវបានគេគិតថា នឹងឈានចូលដល់ម៉ោងបន្ថែម ប៉ុន្តែការព្យាយាមស៊ុតបញ្ចូលទីដោយកីឡាករបម្រុង Randal Kolo Muani បានផ្លាតបាល់ទៅប៉ះនឹងកីឡាករ Vertonghen របស់បែលហ្ស៊ិកដោយនៅសល់រយៈពេល៥នាទីទៀតចប់ការប្រកួត ធ្វើឲ្យបារាំងដណ្តើមយកជ័យជម្នះនៅកីឡដ្ឋាន Dusseldorf Arena តែម្តង។
បារាំងបានខកខានឱកាសជាច្រើនលើក ដោយសារការខ្វះខាតផ្នែកប្រយុទ្ធស្រួចរបស់ខ្លួន បានធ្វើឱ្យពួកគេមិនអាចស្វែងរកគ្រាប់បាល់បញ្ចូលទីបាន ពិសេសសគឺតំបន់បម្រើប្រយុទ្ធ ហើយសូម្បីតែប្រធានក្រុម Kylian Mbappe បានខិតខំប្រឹងប្រែងដើម្បីជួយក្រុមក៏នៅតែមិនមានគ្រាប់បាល់បញ្ចូលទី។
បែលហ្ស៊ិកក៏មានឱកាសដែរនៅពេលដែលខ្សែបម្រើ Kevin de Bruyne របស់ Manchester City ស៊ុតចំគោលដៅ ប៉ុន្តែការស៊ុតរបស់គាត់ត្រូវបានរារាំងពីក្រោយដោយ Mike Maignan ។ នោះគឺជាឱកាសដ៏កម្ររបស់បែលហ្ស៊ិកដែលបិទបារាំងមិនឲ្យមានគ្រាប់បាល់បញ្ចូលទីរហូតជិតដល់ចប់ការប្រកួត៩០នាទីពេញ។
ក្រុមរបស់លោក Didier Deschamps បានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយដោយត្រូវប៉ះព័រទុយហ្គាល់ដែលបានយកឈ្នះស្លូវេនីដោយបាល់ប៉េណាល់ទីកាត់សេចក្តី។ ចំណែកក្រុមបែលហ្ស៊ិកបានធ្លាក់ត្រឹមវគ្គ១៦ក្រុម ក្រោយពីក្រុមនេះធ្វើបានល្អក្នុងវគ្គជម្រុះក្នុងពូល ដោយបានទម្លាក់អ៊ុយក្រែន ប៉ុន្តែពេលនេះបែលហ្ស៊ិកបានធ្លាក់ចេញដូចអ៊ុយក្រែនដូចគ្នា ៕
ដោយ៖ ភារៈ(រូបភាព ៖ EURO2024)