ព័ត៌មានទាន់ហេតុការណ៍៖

គាំទ្រ ! លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការ បានបញ្ជាឱ្យកោះហៅ មន្រ្តីនគរបាលរចរាចរណ៍និងមន្រ្តីជាប់កិច្ចសន្យា ២នាក់ មកសួរនាំ

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពី កើតមានការរិះគន់ យ៉ាងខ្លាំងទៅលើមន្រ្តីចរាចរណ៍ (ជាប់កិច្ចសន្យា) មួយរូប ដែលឈរជើងនៅគោលដៅ ត្រង់ចំណុចស្តុបណតប្រ៊ីដ ឬស្តុប ២០០៤ ដែលបានទៅចាប់ទាញដងកញ្ចក់ម៉ូតូ របស់ក្មេងស្រីម្នាក់ បណ្តាលអោយដួល ហើយបែរជានាំគ្នា ឈរមើល ក្នុងនោះក៏ឃើញមាន មន្រ្តីប៉ូលិសចរាចរណ៍ មួយរូប ក៏ឈរមើល ដូចគ្នាផងដែរ ទើបលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យកោះហៅ មន្រ្តីនគរបាលរចរាចរណ៍និងមន្រ្តីជាប់កិច្ចសន្យា ២នាក់ មកសួរនាំ នៅការិយាល័យនគរបាលចរាចរណ៍ ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ។ 

បើយោងតាមការបញ្ជាក់របស់ លោកវរសេនីយ៍ឯក សំ វិច្ឆកា អ្នកនាំពាក្យស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែកក្ដដា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ៖ មន្រ្តីទាំងពីររូបនោះ ត្រូវបានមន្រ្តីជំនាញកំពុងសួរនាំ និងរង់ចាំបទបញ្ជាពីលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធី។ 

សូមបញ្ជាក់ថា ទង្វើរបស់មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីនគរបាលចរាចរណ៍ បានធ្វើនោះ បង្ហាញពីការបាត់បង់ គុណធម៌ សីលធម៌ ក្នុងការបំពេញតួនាទី មិនសមជាមន្ត្រីអនុវត្តច្បាប់ឡើយ។ ពួកគាត់ហាក់គ្មានក្រមសីលធម៌ ទាល់តែសោះ។ 

   លោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ចាម បានបង្ហោះវីដេអូនេះ ហើយសរសេរថា «សីលធម៌វានឹងលើកតម្លៃឯកសណ្ឋានបស់លោក ឬ ក៏ជាន់អស់លោកទៅក្នុងលាមក !» ។ អ្នកខ្លះទៀតសរសេរថា ៖ «គុណធម៌ ! សីលធម៌ ! មានត្រង់ណា បើអ្នកបំពេញ តួនាទី ភារកិច្ចបែបនេះ ?» ! ទោះជាយ៉ាងក៏ដោយ មជ្ឈដ្ឋានទូទៅសូមអរគុណដល់ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ មានវិធានការភ្លាមៗ ៕

ដោយ ៖ សិលា


ចែករំលែក៖