ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំពិភាក្សាលេីការដោះស្រាយបញ្ហាអគ្គិសនី ក្នុងស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក តេង សុខុមាល អនុប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងតំណាងលោក ប៉េងពោធិ៍សា អភិបាលខេត្ត នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤បានអញ្ជេីញ ជាអធិបតី ក្នុងកិច្ចប្រជុំពិភាក្សាលេីការដោះស្រាយបញ្ហាអគ្គិសនី ក្នុងស្រុករមាសហែក នាសាលប្រជុំសាលាខេត្តស្វាយរៀង។

ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជេីញចូលរួមពី ប្រតិភូអមដំណេីរ អាជ្ញាធរអគ្គិសនី , លោក ស៊ូ ម៉ុល អភិបាលស្រុក លោកប្រធានមន្ទីរព័ត៌មានខេត្ត លោក ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត លោកប្រធានអគ្គិសនីខេត្ត អភិបាលរងស្រុក   លោកមេឃុំកំពង់ត្រាច និងមន្ត្រីដែលពាក់ព័ន្ធជាច្រេីនរូប ទៀត។

នាឱកាសនោះ លោក ម៉ែន អេង មានប្រសាសន៍ ក្នុងការដោះស្រាយនោះថា រឿងនីមួយៗគឺសុទ្ធតែមាន ហេតុ និងផល ដេីមហេតុ ដេីមចម ដូច្នេះបញ្ហារបស់បងប្អូនដែលបានលេីកឡេីងនៅថ្ងៃនេះគឺថ្នាក់ដឹកនាំមិនទុកចោលនោះទេ និងបានដោះស្រាយជូនបងប្អូន អាជីវករ ប្រជាពលរដ្ឋ ដែលរស់នៅផ្សារកំពង់ត្រាច ឱ្យបានទាន់ពេលវេលាជាដាច់ខាត។

លោក តេង សុខុមាល អនុប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានមានប្រសាសន៍ក្នុងកិច្ចប្រជុំនេះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជាពិសេស អភិបាលខេត្ត អភិបាលរងខេត្ត អភិបាលស្រុក ដែលបានស្វះស្វែង រកដំណោះស្រាយជូនបងប្អូនប្រជាពលនៅស្រុករមាសហែក។ ឯកឧត្តម បានបន្ថែមថា នៅពេលដែលយេីងធ្វេីសកម្មភាពអ្វីមួយដែលទាក់ទងនឹងការប្រេីប្រាស់អគ្គិសនី ត្រូវតែធ្វេីការជម្រាបជូនទៅបងប្អូនប្រជាពលរដ្ឋជាមុនសិន តែបេីវាកេីតឡេីងដោយធម្មជាតិ ក្នុងនាមអាជ្ញាធរអគ្គិសនីកម្ពុជា   និងមន្ត្រីថ្នាក់ក្រោមជាតិត្រូវរកដំណោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

ជាលទ្ធផលនៃអង្គប្រជុំ គឺខាងក្រុមការងារអនុប្រធានអគ្គិសនីកម្ពុជា នឹងចុះទៅទីតាំងអនុវត្តន៍ជូនប្រជាពលរដ្ឋ ដេីម្បីបានដឹងច្បាស់ បញ្ហាអគ្គិសនីឡេីងគីឡូនេះ បណ្តាលមកពីបញ្ហាអ្វីឱ្យពិតប្រាកដ និងធ្វេីការជួបជុំជាមួយប្រជាពលរដ្ឋដែលមានបញ្ហាអគ្គិសនីជម្រាបពីដំណោះស្រាយ និងលទ្ធផល ៕

ដោយ៖ សុថាន


ចែករំលែក៖