ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចម្រុះស្រុកព្រៃកប្បាស ចាប់ឃាត់ខ្លួនជនសង្ស័យ០២នាក់ពាក់ព័ន្ធ ករណីគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃកប្បាសបានដាក់កម្លាំងត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន និងជាតិស្រវឹង បានឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យ០២នាក់ពាក់ព័ន្ធ ករណីរក្សាទុក និងប្រេីប្រាស់នូវសារធាតុញៀន ។ នេះបេីយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងនាថ្ងៃទី០២ ខែកក្កដា ឆ្នាំ ២០២៤ ។ 

ក្នុងប្រតិបត្តិការនេះ ដោយមានការចង្អុលបង្ហាញពីសំណាក់ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីសំណាក់លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ទេីបនៅថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២៤ វេលាម៉ោង២២និង៥០នាទី កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពស្រុកព្រៃកប្បាស បានដាក់គោលដៅត្រួតពិនិត្យអាវុធ គ្រឿងផ្ទុះ គ្រឿងញៀន និងជាតិស្រវឹង នៅចំណុចខាងមុខខ្លោងទ្វារវត្តចំប៉ា ស្ថិតក្នុងភូមិត្រពាំងស្វាយ ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់:

១.ឈ្មោះ ហុង ប៉ុង ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិរកា ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល(រក្សាទុក និងប្រើប្រាស់)។

២.ឈ្មោះ នល សម្បត្តិ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិរកា ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល(ប្រើប្រាស់)។

ដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន០១កញ្ចប់ ម៉ូតូ០១គ្រឿងម៉ាកវ៉េវ ពណ៌ទឹកសមុទ្រ គ្មានផ្លាកលេខ។ 

បន្ទាប់មកកម្លាំងជំនាញបាននាំខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖