សារព័ត៌មាន Reuters នៅថ្ងៃពុធទី៣ ខែកក្កដា ឆ្នាំ២០២៤ កងទ័ពអ៉ីស្រាអែល បានទម្លាក់គ្រាប់បែកលើទីតាំងជាច្រើននៃភាគខាងត្បូងតំបន់ហ្កាហ្សា កាលពីថ្ងៃអង្គារសប្តាហ៍នេះ ធ្វើឱ្យប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ត្រូវរត់ចេញពីផ្ទះសម្បែងរបស់ខ្លួន ដោយគេអាចនិយាយបានថា នេះជាការបង្កើនសកម្មភាពយោធានៅដំណាក់កាលចុងក្រោយក្នុងសង្រ្គាមជាង ៩ខែនៅទីនោះ។
មន្រ្តីសុខាភិបាលនិយាយថា ប្រជាជនប៉ាឡេស្ទីន៨នាក់បានស្លាប់និងជាច្រើននាក់រងរបួស។ ចំណែកយោធាអ៉ីស្រាអែលនិយាយថា ទាហាន២នាក់បានស្លាប់ក្នុងការប្រយុទ្ធគ្នា។ បើតាមក្រុមគ្រូពេទ្យក្នុងតំបន់ កាលពីយប់ថ្ងៃអង្គារ (ម៉ោងក្នុងតំបន់) ប្រជាជនប៉ាឡេស្ទីន១៧នាក់បានស្លាប់ ដោយសារតែការបាញ់ផ្លោងចេញពីរថក្រោះរបស់អ៉ីស្រាអែលនៅតាមដងផ្លូវមួយនៃសង្កាត់ Zeitoun ដែលមានប្រជាជនរស់នៅច្រើន ក្នុងទីក្រុងហ្កាហ្សា (Gaza City) ភាគខាងជើងតំបន់។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្តាហ៍ កងទ័ពអ៉ីស្រាអែល បានបញ្ជាឱ្យអ្នកស្រុកនៃទីក្រុង និងភូមិមួយចំនួននៅភាគខាងកើតទីក្រុង Khan Younis ភៀសខ្លួនពីផ្ទះរបស់ពួកគេ មុនពេលរថក្រោះចូលដល់តំបន់ដែលយោធា បានចាកចេញកាលពីច្រើនសប្តាហ៍មុន។ ប៉ុន្តែអ្នកស្រុក និងប្រព័ន្ធផ្សព្វផ្សាយរបស់ហាម៉ាស់ថា មនុស្សរាប់ពាន់នាក់ដែលមិនបានស្តាប់ឮការអំពាវនាវនោះ ត្រូវបង្ខំចិត្តចេញពីផ្ទះទាំងយប់ ខណៈដែលរថក្រោះ និងយន្តហោះរបស់អ៉ីស្រាអែលបានទម្លាក់គ្រាប់បែកលើទីក្រុង Karara, Abassan រួមទាំងតំបន់ផ្សេងទៀត ដែលមាននៅក្នុងបទបញ្ជាឱ្យជម្លៀស៕ ដោយ៖ ធីរីណា
រូបថត៖ TTXVN