ភ្នំពេញ៖ បើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤នេះថា៖ កម្លាំងសមត្ថកិច្ចជំនាញនៅទូទាំងប្រទេសកម្ពុជា បានចុះស្រាវជ្រាវបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន ៥៦នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី០២ ខែកក្កដាឆ្នាំ២០២៤ម្សិលមិញនេះ។
លោកអ្នកនាំពាក្យរូបនេះ បានថ្លែងបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង ៥៦នាក់នោះ មាន ៣៤នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសគ្រឿងញៀន ២១ករណី និងជនសង្ស័យ ២២នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មេីសព្រហ្មទណ្ឌ ១២ករណី។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមានឡេីង។ លោកអ្នកនាំពាក្យ បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានឱ្យដឹងដែរថា៖ កាលពីថ្ងៃទី០២ កក្ដដាម្សិលមិញនេះ ក្មេងទំនើង ១០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅទូទាំងប្រទេសកម្ពុជា។ ក្នុងចំណោមក្មេងទំនើងទាំង ១០នាក់នោះ មាននៅ ភ្នំពេញ ៣នាក់ ក្រចេះ ៤នាក់ កំពត ២នាក់ កោះកុង ១នាក់។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបក្មេងទំនើង និងបម្រើប្រជាពលរដ្ឋ នៅមូលដ្ឋានរបស់ខ្លួនផងដែរ៕
ដោយ៖ តារា