ព័ត៌មានទាន់ហេតុការណ៍៖

រាយខ្សែភ្លេីងការពារចោរលួចរ៉ឺម៉កបណ្តាលឱ្យឆក់ក្មេងម្នាក់ស្លាប់គេចខ្លួន២ថ្ងៃ ពេលនេះចូលខ្លួនសារភាពហេីយ

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បានរាយខ្សែភ្លេីងដាក់ជាប់រ៉ឺម៉កការពារខ្លាចចោរលួចនិងខ្លាចសត្វកណ្តុរស៉ីបន្លែ​ បែរជាឆក់ក្មេងប្រុសម្នាក់ស្លាប់​ រួចយកសពទៅបោះចោលហើយគេចខ្លួនអស់រយៈពេល២ថ្ងៃ​ ពេលនេះចូលខ្លួនមកសារភាពហេីយ​ នៅព្រឹកថ្ងៃទី៣​ ខែកក្កដា​ ឆ្នាំ២០២៤​ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ។ 

ក្មេងប្រុសរងគ្រោះឈ្មោះ សន វណ្ណា អាយុ១៣ឆ្នាំ មានស្រុកកំណើតនៅភូមិផ្សារលិច ឃុំព្រែកព្នៅ ស្រុកពញាឮខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជយ័ ។

ជនសង្ស័យឈ្មោះ អ៊ាត ចាន់ធឿន ហៅតាយក្ស ភេទប្រុស អាយុ៥៤ឆ្នាំ និងប្រពន្ធឈ្មោះ សោម ធូ អាយុ៥២ឆ្នាំ មានទីលំនៅភូមិធ្លក ឃុំសួង ស្រុកត្បូងឃ្មុំ ខេត្តតបូងឃ្មុំ និងស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ កាលពីយប់ថ្ងៃទី៣០​ ខែមិថុនា​ ឆ្នាំ២០២៤​ បុរសម្នាក់បានរាយខ្សែភ្លេីងចេញពីបន្ទប់ជួលរបស់ខ្លួនមកដាក់ជាប់រ៉ឺម៉កដឹកបន្លែលក់​ ការពារខ្លាចចោរលួចរ៉ឺម៉ក​និងសត្វកណ្តុរស៉ីបន្លែ​ ហេីយក៏បានចូលទៅបន្ទប់ជួលសម្រាកបាត់ទៅ។ លុះមកដល់វេលាទៀបភ្លឺថ្ងៃទី១​ ខែកក្កដា​ ឆ្នាំ២០២៤​ បុរសខាងលេីក៏ចេញមកយករ៉ឺម៉កបំណងទៅរកទិញបន្លែយកទៅលក់បន្ត​ ខណៈមកដល់កន្លែងរ៉ឺម៉កស្រាប់តែឃេីញក្មេងប្រុសម្នាក់ត្រូវខ្សែភ្លេីងឆក់ស្លាប់ជាប់នឹងរ៉ឺម៉ក​។ បន្ទាប់មកបុរសខាងលេីក៏ដឹកសពក្មេងប្រុសរងគ្រោះយកទៅបោះចោល​នៅឯខេត្តកណ្តាល រួចបន្តដំណេីរគេចខ្លួនទៅខេត្តព្រះវិហារបាត់។ 

ប្រភពដដែលបានបន្តថា​ លុះភ្លឺឡេីងម្តាយបាត់កូនខំដេីររកមិនឃេីញក៏ប្តឹងសមត្ថកិច្ចជួយធ្វើអន្តរាគមន៍​ រហូតមកដល់ព្រឹកថ្ងៃទី៣​ ខែកក្កដា​ ឆ្នាំ២០២៤​ បុរសខាងលេីក៏ចូលខ្លួនមកសារភាពទទួលកំហុសនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោម។ បន្ទាប់មកកម្លាំងសមត្ថកិច្ចក៏បាននាំខ្លួនជនសង្ស័យទៅកន្លែងបោះសពចោលនៅឯខេត្តកណ្តាល។ 

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដេីម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖