ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី៖ រាល់ការប្រមាថព្រះមហាក្សត្រក្នុងទម្រង់ឬរូបភាពណាក៏ដោយ គឺប្រៀបបាននឹងការប្រមាថប្រជាជននិងប្រទេសជាតិទាំងមូល

ចែករំលែក៖

ខេត្តស្វាយរៀង ៖ នៅថ្ងៃទី៣ ខែកក្ដដា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពអនុប្រធាន និងសមាជិក សមាជិកា គណៈកម្មាធិការស.ស.យ.ក. ខេត្តស្វាយរៀង នៅសាកលវិទ្យាល័យស្វាយរៀង។

នៅក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក ឌី វិជ្ជា អនុប្រធាន ស.ស.យ.ក. និងជាប្រធាន ស.ស.យ.ក.ខេត្តស្វាយរៀង លោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត លោក ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ឯកឧត្តមសាកលវិទ្យាធិការ រួមទាំងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តស្វាយរៀងសរុបប្រមាណ ៤៣៥រូប។

ថ្លែងនៅក្នុងឱកាសនេះ លោក ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធាន ស.ស.យ.ក. ខេត្តស្វាយរៀង បានរាយការណ៍អំពីសមិទ្ធផលសម្រេចបាននាពេលកន្លងមករបស់សមាជិក សមាជិកា ស.ស.យ.ក.ខេត្តស្វាយរៀង ប្រកបដោយឆន្ទៈ និងស្មារតី ជាពិសេសការងារចែករំលែកចំណេះដឹងយុវជន ពង្រឹងភាពជាអ្នកដឹកនាំ ក្នុងគោលបំណងបណ្តុះបណ្តាលយុវជនអោយក្លាយខ្លួនជាអ្នកបន្តវេនយ៉ាងពិតប្រាកដក្នុងការអភិវឌ្ឍសង្គមជាតិរួមទាំងផែនការសកម្មភាពទៅអនាគតរបស់ ស.ស.យ.ក. ខេត្តស្វាយរៀង។

ជាមួយគ្នានោះដែរ លោក ហ៊ុន ម៉ានី បានចែករំលែកជាមួយសមាជិក សមាជិកា ស.ស.យ.ក. ដោយរំឭកអំពីបុព្វហេតុ ប្រវត្តិនៃការបង្កើតសហភាពសហព័ន្ធយុវជនកម្ពុជា និងអ្វីដែលសមាជិក សមាជិកា គ្រប់រូបត្រូវប្រកាន់ខ្ជាប់ក្នុងការចូលរួមជួយសង្គម ក៏ដូចជាការចងចាំនៅប្រវត្តិសាស្រ្តដែលជាមេរៀនមិនអាចខ្វះបានជាពិសេសតម្លៃនៃសុខសន្តិភាព។

ទន្ទឹមនឹងនោះ លោក ហ៊ុន ម៉ានី ក៏បានគូសបញ្ជាក់ទៅកាន់អង្គពិធីអំពីសកម្មភាពចម្បងក្នុងនាមយុវជនកម្ពុជា ត្រូវឈឺឆ្អាល និងរួមគ្នាការពារនោះគឺប្រជាជាតិ និងប្រជាជន ដោយលោក បានសង្កត់ធ្ងន់ថា «រាល់ការប្រមាថព្រះមហាក្សត្រក្នុងទម្រង់ឬរូបភាពណាក៏ដោយ គឺប្រៀបបាននឹងការប្រមាថប្រជាជននិងប្រទេសជាតិទាំងមូល ដែលយុវជនកម្ពុជាមិនអាចទទួលយកបានឡើយ»៕

ដោយ ៖ សិលា


ចែករំលែក៖