ព័ត៌មានទាន់ហេតុការណ៍៖

សិស្សសាលាមួយក្រុមជិះម៉ូតូវ៉ាជែងមិនប្រយ័ត្នជ្រុលចង្កូតទៅបុករថយន្តកែច្នៃមួយគ្រឿង បណ្ដាលឱ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ សិស្សសាលាមួយក្រុមបើកបរម៉ូតូវ៉ាជែងខ្វះការប្រុងប្រយ័ត្នមកដល់ចំណុចផ្លូវកោងក៏រេចង្កូតទៅបុករថយន្តកែច្នៃមួយគ្រឿងបណ្ដាលឱ្យក្មេងប្រុសម្នាក់បានស្លាប់បន្ទាប់ពីដឹកតាមរថយន្តទៅដល់មន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី និងម្នាក់ទៀតកំពុងតែស្ថិតក្នុងការសង្គ្រោះបន្ទាន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យគន្ឋបុប្ផាដើម្បីសង្គ្រោះជីវិត។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣ រសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ត្រង់ចំណុចផ្លូវកោងមួយកន្លែងដែលស្ថិតក្នុងភូមិពូហ៊ូង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

   លោក ចាន់ សុផារី នាយប៉ុស្តិ៍រដ្ឋបាលចុងផ្លាស់បានឱ្យដឹងថា ជនរងគ្រោះ ទី១មានឈ្មោះ ភី សោភ័ណ ភេទប្រុសអាយុ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី(ស្លាប់) ពេលដែលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្ត និងទី២ ឈ្មោះ ស្រុីន ជីឆ័ង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស មានទីលំនៅ ភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្ត មណ្ឌលគិរី រងរបួសធ្ងន់បាក់ជើងខាងឆ្វេង ត្រូវបានបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញដើម្បីសង្រ្គោះជីវិត។

    ដំបូងឡើយមុនពេលកើតហេតុ គេឃើញជនរងគ្រោះមួយក្រុមចេញពីសាលាដោយបើកបរម៉ូតូ៣គ្រឿង ដែលម៉ូតូ១គ្រឿងមានគ្នា២នាក់។ ពេលបើកបរមកដល់ចំណុចកើតហេតុជនរងគ្រោះក៏បានបើកម៉ូតូវ៉ាជែងគ្នា ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុករថយន្តកែច្នៃដែលបើកបរបញ្ច្រាសទិសគ្នា គាបជាប់នៅក្រោមរថយន្ត។ ភ្លាមនោះ មិត្តភក្តិដែលជាសិស្សក៏បានដឹកអ្នករបួសទៅមណ្ឌលសុខភាពមេម៉ង់ ។ ដោយឃើញអ្នករបួសមានសភាពធ្ងន់ធ្ងរពេក គ្រូពេទ្យក៏បានបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី តែជា អកុសលពេលទៅដល់មន្ទីរពេទ្យបាន១សន្ទុះ ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់បាត់ទៅ។ រីឯជនរងគ្រោះម្នាក់ទៀតត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យគន្ធបុប្ផានារាជធានីភ្នំពេញ។

   បច្ចុប្បន្នវត្ថុតាង មន្ត្រីជំនាញបានវាស់វែងនិងបញ្ជូនទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលចុងផ្លាស់ ដើម្បីចាត់ការតាមនីតិវិធី៕

ដោយ៖ សូរិយា


ចែករំលែក៖