ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី Sheikh Hasina នាយករដ្ឋមន្ត្រីបង់ក្លាដែសនឹងបំពេញទស្សនកិច្ចនៅប្រទេសចិន

ចែករំលែក៖

អន្តរជាតិ ៖ គេហទំព័រ «CCFR China state-controlled media » នៅល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ បានផ្សាយឱ្យដឹងថា ៖ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសនៅថ្ងៃទី៤ខែកក្កដាថា តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីចិន Li Qiang លោកស្រី Sheikh Hasina នាយករដ្ឋមន្ត្រីបង់ក្លាដែសនឹងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិនចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកក្កដាខាងមុខ។ 

គេហទំព័រ «CCFR China state-controlled media »  បានបន្តថា ៖ លោកស្រី Mao Ning បានថ្លែងថា ប្រទេសចិន និងបង់ក្លាដែស គឺជាអ្នកជិតខាងដ៏ល្អ។ ប្រទេសចិនមានឆន្ទៈធ្វើការជាមួយប្រទេសបង់ក្លាដែស និងចាត់ទុកដំណើរទស្សនកិច្ចនេះជាឱកាសមួយដើម្បីផ្សព្វផ្សាយពីស្មារតីនៃគោលការណ៍៥ខនៃការរួមរស់ដោយសន្តិសហវិជ្ជមាន ពង្រឹងទំនុកចិត្តផ្នែកនយោបាយ បង្កើនការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ ជំរុញការរួមគា្នកសាង  “ខ្សែក្រវាត់ និង ផ្លូវ”ប្រកបដោយគុណភាពខ្ពស់ និងពន្លឿនការអនុវត្តគំនិតផ្តួចផ្តើមសាកលធំៗទាំងបី ក្នុងន័យជំរុញទំនាក់ទំនងចិន-បង់ក្លាដែសឱ្យឡើងដល់កម្រិតថ្មីជាបន្តបន្ទាប់៕

ដោយ ៖ សិលា


ចែករំលែក៖