ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំការងារសេនាធិការ តំណាងលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងនៃនាយកដ្ឋានវិទ្យុទាក់ទង និងប្រគល់ភារកិច្ចជូនដល់ប្រធាននាយកដ្ឋានថ្មី នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
ឆ្លៀតនាឱកាសនោះ លោកអគ្គស្នងការរងនគរបាលជាតិ បានផ្តាំផ្ញើដល់ប្រធាននាយកដ្ឋានវិទ្យុទាក់ទងថ្មី ចំនួន៣ចំណុច ដើម្បីពង្រឹងប្រសិទ្ធភាពការងា រួមមាន ៖
១-សុំកិច្ចសហការជាមួយអនុប្រធាននាយកដ្ឋាន នាយការិយាល័យទាំងអស់ ដែលធ្លាប់ទទួលកាន់ការងារកន្លងមក ដើម្បីទទួលបានរបាយការណ៍ជាក់លាក់អំពីចំណុចខ្លាំង និងចំណុចប្រឈម សំដៅពិនិត្យដោះស្រាយការងារមានប្រសិទ្ធភាព និងសុំគោលការណ៍ថ្នាក់ដឹកនាំ។
ទី២-ប្រមូលផ្តុំកម្លាំង និងមានសាមគ្គីភាពផ្ទៃក្នុងអង្គភាព ពិសេសបែងចែកតួនាទីភារកិច្ចជូនថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្រ្តី ឲ្យចំគោលដៅ ដើម្បីប្រសិទ្ធភាពការងារ។
និងទី៣-សិក្សាឡើងវិញ អ្វីដែលនៅសេសសល់នាពេលកន្លងមក ដើម្បីអនុវត្តបន្ត។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ក៏បានស្នើសុំឲ្យប្រធាននាយកដ្ឋានវិទ្យុទាក់ទងថ្មី សិក្សាស្វែងយល់បន្ថែមពីបងប្អូនមន្រ្តីចាស់ៗ ដែលមានបទពិសោធន៍នៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនាពេលកន្លងមកទទួលបានជោគជ័យ និងមានការកោតសរសើរពី FBI របស់អាមេរិក។ លោកឧត្តមសេនីយ៍ឯក ក៏បានក្រើនរំលឹកដល់ប្រធាននាយកដ្ឋានវិទ្យុទាក់ទងថ្មី ត្រូវយកចិត្តទុកដាក់ពិនិត្យតាមដានស្ថានីយ៍គ្រប់សកម្មភាព និងដោះស្រាយបញ្ហាឲ្យទាន់សភាពការណ៍។
ពីពិធីនោះ អគ្គស្នងការរងនគរបាលជាតិ បានគូសរំលេចថា «បើចង់ឲ្យអង្គភាពមួយដើរទៅមុខបាន អ្វីដែលសំខាន់ គឺត្រូវចេះសហការគ្នា សាមគ្គីភាពផ្ទៃក្នុង ពិសេសធ្វើបច្ចុប្បន្នភាពឡើងវិញ ទាំងបច្ចេកទេស ទាំងជំនាញ និងការគ្រប់គ្រង»។
ជាមួយគ្នានេះដែរ អគ្គស្នងការរងរូបនេះ ក៏បានលើកទឹក និងវាយតម្លៃខ្ពស់ចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ចលះបង់ទាំងកម្លាំងកាយចិត្ត ទាំងពេលវេលារបស់មន្រ្តីជំនាញក្នុងនាយកដ្ឋានវិទ្យុទាក់ទងទាំងមូល ជាពិសេសសូមសំដែងការកោតសរសើរចំពោះមជ្ឈមណ្ឌលប្រចាំបញ្ជា ដែលជារៀងរាល់ថ្ងៃតែងតែបញ្ជូនសារតាមប្រព័ន្ធទំនាក់ទំនងសង្គម អំពីសកម្មភាព និងការដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋបានទាន់ពេលវេលាផងដែរ៕
ដោយ៖ តារា