ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជា អធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) នាព្រឹក ថ្ងៃសុក្រ ១៥រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តរបៀបវារៈសំខាន់ៗ ដូចខាងក្រោម៖
១. ផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៤-២០២៨
ផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៤-២០២៨ ត្រូវបានរៀបចំ រយៈពេល៥ឆ្នាំម្តង តាមអាណត្តិរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ដោយអនុលោមតាម យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងក្របខ័ណ្ឌការងាររសេនដោយ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះ មហន្តរាយឆ្នាំ២០១៥-២០៣០ ដែលបានអនុម័តនៅសន្និសីទពិភពលោកលើកទី៣ នៃអង្គការសហប្រជាជាតិ ទីក្រុង សេនដាយ ប្រទេសជប៉ុន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការកាត់បន្ថយ ហានិភ័យគ្រោះមហន្តរាយនេះ។ ផ្អែកលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំផែនការសកម្មភាពជាតិ ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងបន្តដោះស្រាយបញ្ហាគ្រោះមហន្តរាយបង្កឡើងដោយមុខសញ្ញាគ្រោះថ្នាក់ ដូចជា ទឹកជំនន់ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត អគ្គិភ័យ ការដួលរលំអគារ និងផលប៉ះពាល់ដទៃទៀតដែលបណ្តាលមក ពីការប្រែប្រួលអាកាសធាតុ។ ផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ បានកំណត់ គោលដៅយុទ្ធសាស្ត្រចំនួន៤ និងកម្មវិធីអាទិភាពចំនួន១៨ សម្រាប់អនុវត្តបន្តឆ្នាំ២០២៤-២០២៨ ដែលគ្រប់ភាគី ពាក់ព័ន្ធត្រូវធ្វើសកម្មភាពឱ្យស៊ីចង្វាក់គ្នារវាងក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល ផ្នែកសាធារណៈ ផ្នែកឯកជន ដៃគូ អភិវឌ្ឍ សង្គមស៊ីវិល សហគមន៍ គ្រួសារ និងប្រជាជន ដោយត្រូវយកចិត្តទុកដាក់អនុវត្តនូវតួនាទីនិងការទទួល ខុសត្រូវលើការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការកសាងភាពធន់ទៅនឹងគ្រោះមហន្តរាយក្នុងបរិបទ នៃកាលៈទេសៈ និងសមត្ថភាពរៀងៗខ្លួន។ ផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានីតាំងគ្រោះមហន្តរាយ ឆ្នាំ២០២៤-២០២៨នេះ បានរៀបចំខ្លឹមសារដាក់ជូនក្រសួងពាក់ព័ន្ធជួយពិនិត្យពិចារណាគធាតុជួលរលើគោលដៅយុទ្ធសាស្ត្រ និងជួយបំពេញនូវគម្រោងកម្មវិធីអាទិភាព សកម្មភាព សម្រាប់ឆ្នាំ២០២៤-២០២៨ របស់ក្រសួង នីមួយៗ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៣ មក។
ផែនការសកម្មភាពជាតិនេះ មានលទ្ធផលរំពឹងទុកចំនួន ៨ចំណុច៖
១. ត្រូវមានការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធទាំងអស់ ។
២. សមត្ថភាពនៃការយល់ដឹងនិងចំណេះដឹងលើការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និង ការគ្រប់គ្រងគ្រោះមហន្តរាយត្រូវបានធ្វើឱ្យប្រសើរឡើង ។
៣. ប្រព័ន្ធព័ត៌មានគ្រប់គ្រងគ្រោះមហន្តរាយត្រូវបានធ្វើ រំហូរដោយផ្សារភ្ជាប់នឹងសហគមន៍ ។
៤. សមាហរណកម្មការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយទៅក្នុងការអភិវឌ្ឍ ។
៥. ផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះអាសន្នគ្រោះមហន្តរាយត្រូវបានរៀបចំ ។
៦. គ្រឿងសម្ភារ និង មធ្យោបាយសំខាន់ៗសម្រាប់ការពារ និងជួយសង្គ្រោះត្រូវបានពង្រឹង ។
៧. ការអនុវត្តត្រូវប្រកបដោយចំណេះដឹង និងការយល់ដឹងតាមបែបលក្ខណៈវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។
និង៨. ភាពជាដៃគូជាមួយវិស័យឯកជន នឹងត្រូវបានការជួយគាំទ្រ។
សរុបមក ផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៤-២០២៨ គឺដើម្បីអនុវត្តដោយរាប់បញ្ចូលទាំងផ្នែកសេដ្ឋកិច្ច រចនាសម្ព័ន្ធ សុខាភិបាល វប្បធម៌ អប់រំ បរិស្ថាន បច្ចេកវិទ្យា ដែល ក្រសួង ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិទទួលខុសត្រូវបង្ការ និងកាត់បន្ថយកម្រិតរងគ្រោះដោយមុខសញ្ញាគ្រោះថ្នាក់ និងភាពងាយរងគ្រោះពីគ្រោះមហន្តរាយ ដោយបង្កើនការត្រៀមរៀបចំសម្រាប់ការឆ្លើយតប ការស្តារឡើងវិញ និងការពង្រឹងភាពធន់។
២. អនុក្រឹត្យស្តីពីការគ្រប់គ្រងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល
អនុក្រឹត្យនេះមាន ៧ជំពូក និង៣១មាត្រា ដែលត្រូវបានពិនិត្យ និងរៀបចំឡើងវិញនូវអនុក្រឹត្យលេខ៣៦ អនក្រ.បក ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ដើម្បីកំណត់អំពីការរៀបចំ និងការវាយតម្លៃសមិទ្ធកម្មនៃការអនុវត្ត កម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល របស់រាជរដ្ឋាភិបាល។ ការរៀបចំកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ត្រូវ ផ្អែកលើមូលដ្ឋាននៃអាទិភាពជាតិដែលមានចែងក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរយៈពេល៥ឆ្នាំ កម្មវិធី គោលនយោបាយរបស់រាជរដ្ឋាភិបាល សូចនាករម៉ាក្រូសេដ្ឋកិច្ចសំខាន់ៗ និងការសម្របសម្រួលរវាងគោលដៅនៃ ការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលជាមួយនឹងកម្មវិធីអភិវឌ្ឍន៍របស់ដៃគូអភិវឌ្ឍ និងលទ្ធភាពស្រូបយកហិរញ្ញប្បទាន ពីប្រភពផ្សេងៗរបស់កម្ពុជា សម្រាប់រៀបចំគម្រោងវិនិយោគសាធារណៈ៣ឆ្នាំរំកិលរបស់ក្រសួង ស្ថាប័ននីមួយៗ។ ក្នុងដំណើរការដឹកនាំ សម្របសម្រួល និងរៀបចំកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិលនេះ គឺជាសមត្ថកិច្ចរបស់ ក្រសួងផែនការ ដោយមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន។ ក្រសួងផែនការ ត្រូវវាយតម្លៃសមិទ្ធកម្មនៃការអនុវត្ត កម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងការកែលម្អ ការលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ចំណែកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវសហការផ្តល់ថវិកាសម្រាប់គាំទ្រ ដល់ដំណើរការនៃការរៀបចំនិងវាយតម្លៃសមិទ្ធកម្ម នៃការអនុវត្តកម្មវិធីនេះ។ សេចក្តីព្រាងអនុក្រឹត្យនេះ ត្រូវបាន ពិនិត្យនិងពិភាក្សាក្នុងកិច្ចប្រជុំបច្ចេកទេស ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២ ដែលជាក់ស្តែងថ្មីៗនេះ ជាមួយក្រុម ប្រឹក្សាអ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ និងកិច្ចប្រជុំ អន្តរក្រសួង នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
៣. ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្ម នៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិ តាមផ្លូវអាកាស
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានសម្រេចឯកភាពលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្ម នៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ដើម្បីបញ្ជូន ទៅសុំការពិនិត្យនិងអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ។ អនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹង ការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ដែលហៅថា អនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩ ត្រូវបានចុះហត្ថលេខាកាលពី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៩ និងបានចូលជាធរមាននៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០០៣។ គិតត្រឹមខែកក្កដា ឆ្នាំ២០២៣ រដ្ឋភាគីចំនួន១៣៩ប្រទេស បានផ្តល់សច្ចាប័ន ប៉ុន្តែព្រះរាជាណាចក្រកម្ពុជា មិនទាន់បានផ្តល់សច្ចាប័ននៅឡើយ។ អនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩ ជាអនុសញ្ញាអន្តរជាតិមួយដែលគ្រប់គ្រង និងដឹកនាំការទទួលខុសត្រូវ របស់សហគ្រាសដឹកជញ្ជូនចំពោះការដឹកជញ្ជូនអ្នកដំណើរ អីវ៉ាន់ និងទំនិញជាអន្តរជាតិតាមផ្លូវអាកាស ក្នុងករណី៖
១. មរណភាព ការរងរបួស ឬការពន្យារពេលចំពោះអ្នកដំណើរ ។
២. ការពន្យារពេល ការបាត់បង់ ឬការខូចខាត ចំពោះអីវ៉ាន់របស់អ្នកដំណើរ ៣. ការពន្យារពេល ការបាត់បង់ ឬការខូចខាតទំនិញ។ ការផ្តល់សច្ចាប័នលើអនុសញ្ញា ម៉ុងរ៉េអាល់ឆ្នាំ១៩៩៩នេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ដូចជា៖ ការបង្ហាញពីសុច្ឆន្ទៈនិង កិច្ចសហប្រតិបត្តិការល្អរបស់កម្ពុជា ជាមួយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ សមាគមដឹកជញ្ជូនតាមផ្លូវ អាកាសអន្តរជាតិ និងដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ និងបើកឱកាសកាន់តែច្រើនសម្រាប់ កម្ពុជាក្នុងការចូលរួមដោយផ្ទាល់ ទៅក្នុងយន្តការដឹកនាំរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ។ ធានាជំរុញ ការទាក់ទាញវិនិយោគ និងកំណើនសេដ្ឋកិច្ច ទេសចរណ៍ ការងារ ចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាស ព្រមទាំង ការតភ្ជាប់វប្បធម៌រវាងប្រជាជននិងប្រជាជន។ ផ្តល់ទំនុកចិត្តកាន់តែខ្ពស់ដល់អ្នកធ្វើដំណើរ និងសហគ្រាសដឹក ជញ្ជូនអន្តរជាតិតាមផ្លូវអាកាស។ ផ្តល់ភាពងាយស្រួលនិងជំរុញការដឹកជញ្ជូនទំនិញអន្តរជាតិតាមផ្លូវអាកាសតាមរ យៈការប្រើប្រាស់អញ្ញត្តិបណ្ណដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជាទម្រង់អេឡិចត្រូនិក ស្របតាមបរិបទនៃបរិវិត្តកម្មឌី ជីថល។ អនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩នេះមាន ៧ជំពូក និង៥៧មាត្រា៕
ដោយ ៖ សិលា