ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីមានការទប់ស្កាត់នូវការចែកចាយទឹកក្រធុម(ភាសាថៃ)នៅក្រុងប៉ោយប៉ែតរួចមកនៅក្នុងភូមិសាស្ត្រស្រុកម៉ាឡៃគេឃើញមានគណៈបញ្ជាការឯកភាពស្រុកម៉ាឡៃរួមជាមួយកម្លាំងសមត្ថកិច្ចចម្រុះក្រោមការដឹកនាំដោយលោកស្វាយ ជា អភិបាលនៃគណៈអភិបាលស្រុកម៉ាឡៃ ធ្វើការចុះដកបំផ្លាញចោលដើមក្រធុម(ភាសាថៃ)នៅតាមផ្ទះពលរដ្ឋនាវេលាម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ ២០២៤ ។
យោងតាមរបាយការណ៍សមត្ថកិច្ចបញ្ជាក់ថាៈ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្រឡៅបានចុះស្រង់ដើមក្រធុម នៅក្នុងឃុំអូរស្រឡៅមានចំនួន១៣ដើមៈភូមិឈើទាលចំនួន៧ដើម ភូមិចាន់គីរីចំនួន ៥ដើម។
សមត្ថកិច្ចជំនាញបានបញ្ជាក់ថាៈបើតាមការសាកសួររបស់មន្ត្រីដែលបានសួរនាំដល់អ្នកប្រើប្រាស់ស្លឹកក្រធុមនេះគីមានសារធាតុញៀន ក្នុងនោះអ្នកប្រើប្រាស់ទឹកវាគេអាចយកទៅលាយជាមួយភេសជ្ជៈផ្សេង ដើម្បីលាយគ្នារួចបរិភោគ ហើយការបរិភោគទឹកខាងលើនេះគឺបំបាត់ការងងុយដេក ប្រើពេលធ្វើការយូរ ធ្វើការបានច្រើន ដែលបុគ្គលប្រើប្រាស់កេងកម្លាំងពលកម្មកម្មករចូលចិត្តប្រើដើម្បីបំពេញការងារលើកដាក់លីសែងជាដើម។
ក្នុងការបើកយុទ្ធនាការខាងលើនេះអភិបាលស្រុកម៉ាឡៃលោកស្វាយ ជាបានណែនាំកុំឱ្យពលរដ្ឋដាំដុះដើមក្រធុមទៀត ចៀសវាងជាអំពើខុសច្បាប់ព្រោះដើមក្រធុមនេះវាស្រដៀងទៅនឹងដើមកញ្ឆា។ក្រោយពីដកបំផ្លាញ់ដើមក្រធុម(ភាសាថៃ)គណៈបញ្ជាការឯកភាពបានដុតកម្ទេចចោល។
សូមរំលឹកថា អភិបាលក្រុងប៉ោយប៉ែតលោកគាត ហ៊ុល កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤បានចាត់តាំងអោយមន្រ្តីការិយាល័យអប់រំក្រុងចុះពិនិត្យ និងណែនាំដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនៅតាមសាលា(កំរងអូរឬស្សី) ដើម្បីពង្រឹងបន្ថែមអំពីសុវត្ថិភាពចំណីអាហារតាមសាលា និងផលប៉ះពាល់ពីការប្រើ(ទឹកក្រធុម) ។ សូមលោកគ្រូ អ្នកគ្រូ តាមសាលាទាំងរដ្ឋ និងឯកជនបន្តផ្សព្វផ្សាយការងារនេះអោយបានទូលំទូលាយ និងសុំការចូលរួមពីសំណាក់មាតាបិតាអាណាព្យាបាលសិស្សផងដែរ ៕
ដោយ៖ វណ្ណា