ព័ត៌មានទាន់ហេតុការណ៍៖

ឃាតកលាក់មុខ! ស្លាប់ម្ដង៣នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកគ្នានៅស្រុកស្អាង

ចែករំលែក៖

ខេត្តកណ្ដាល៖ មនុស្សប្រុសស្រី០៣នាក់ស្លាប់ក្នុងថ្លុកឈាមគួរឱ្យរន្ធត់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ម៉ូតូពន្លះគ្នាពេញទំហឹង នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៩និង២៥នាទី លើកំណាត់ផ្លូវជាតិលេខ១២១០ ស្ថិតក្នុងភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ម៉ូតូបង្កម៉ាកហុងដាគុបជ្រុង ធុនC90 ពណ៏ទឹកប៊ិក ពាក់ផ្លាកលេខកណ្ដាល1T-6853 បើកបរដោយឈ្មោះឌឿន ឆាង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ (ស្លាប់) រួមដំណើរដោយឈ្មោះ មន នី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់(ស្លាប់)។ អ្នកទាំងពីរមានទីលំនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកភាគីម្ខាងទៀតម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1AD-2605 បើកបរដោយឈ្មោះ វន សុខលីន ភេទស្រី អាយុ២៥ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ មានទីលំនៅភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំកើតហេតុមានម៉ូតូ០១គ្រឿង ម៉ាកហុងដាគុបជ្រុង ធុនC90 ពណ៏ទឹកប៊ិក ពាក់ផ្លាកលេខកណ្ដាល1T-6853 បើកបរដោយឈ្មោះ ឌឿន ឆាង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់  រួមដំណើរដោយឈ្មោះ មន នី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់(មិនពាក់មួកសុវត្ថិភាពទាំងពីរនាក់) អ្នកទាំងពីរមានទីលំនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះពេលទៅដល់កន្លែងកើតហេតុអ្នកបើកបរម៉ូតូខាងលើក៏បានរេចង្កូតទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្តាល1AD-2605 បើកបរដោយឈ្មោះ វន សុខលីន ភេទស្រី អាយុ 25 ឆ្នាំ មុខរបរកម្មការិនីរោងចក្រ( មិនពាក់មួកសុវត្ថិភាព)មានទីលំនៅភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ដែលបើកបរពីត្បូងទៅជើងបញ្ច្រាសទើសគ្នា។ករណីខាងលើនេះបណ្តាលឱ្យអ្នកបើកបរម៉ូតូទាំងពីរនិងអ្នករួមដំណើរស្លាប់នៅនឹងកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យនិងវាស់វែងកន្លែងកើតហេតុ និងយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់។ចំណែកសាកសពទាំង៣នាក់ ត្រូវបានកម្លាំងជំនាញធ្វើការពិនិត្យនិងប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

ការសន្និដ្ឋានបឋម ករណីនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូម៉ាកហុងដាគប់ជ្រុងC90 បើកបររេចង្កូតទៅបុកម៉ូតូម៉ាកហុងដាឌ្រីម ដោយបើកបរមានការធ្វេសប្រហែសខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន ទើបបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៌កើតឡើង៕ ដោយស្អាងជ័យ


ចែករំលែក៖