ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល ប្រកាសព័ត៌មាន ស្តីពីការស្លាប់ ២ករណីបណ្តាលមកពីការពុលដោយបរិភោគត្រីក្រពត

ចែករំលែក៖

ភ្នំពេញ÷ក្រសួងសុខាភិបាល សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋឱ្យបានជ្រាបថា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០២៤ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបង្ការបញ្ហាសុខភាពបណ្តាលមកពីការពុលដោយបរិភោគត្រីក្រពត បន្ទាប់ពីមានករណីពុលត្រីក្រពតចំនួន៧នាក់ នៅខេត្តកំពង់ឆ្នាំងត្រូវបានជួយ សង្គ្រោះទាន់ពេលវេលា។ ប៉ុន្តែនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២៤ មានបុរស១នាក់ នៅខេត្តឧត្តរមានជ័យ បានស្លាប់ បន្ទាប់ពីបរិភោគត្រីក្រពត ហើយនៅថ្ងៃទី៨ ខែ កក្កដា ឆ្នាំ២០២៤ មានបុរស១នាក់បន្ថែមទៀត នៅ ខេត្តកំពង់ឆ្នាំង ក៏បានស្លាប់ បន្ទាប់ពីបរិភោគត្រីក្រពតផងដែរ (បុរសនេះមិនមែនក្នុងចំណោមករណីទាំង៧ នាក់មុនទេ)។

អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អំពាវនាវ និងក្រើនរំលឹក បងប្អូនប្រជាពលរដ្ឋគ្រប់រូបត្រូវបន្តការប្រុង ប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីចៀសវាងបាននូវការពុលត្រីក្រពត បង្កជាបញ្ហាសុខភាពដែលអាចធ្វើឱ្យ បាត់បង់ជីវិត សូមបងប្អូនប្រជាពលរដ្ឋ កុំបរិភោគត្រីក្រពតដែលមានជាតិពុល ពី ព្រោះជាតិពុលនៅក្នុង ខ្លួនត្រី អាចបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរ ឬស្លាប់។ ជាតិពុលនៅក្នុងខ្លួនត្រីក្រពតមិនអាចកំចាត់ចោលបានទេ ទោះបីជាបានចំអិន ឬដាក់ឱ្យកកក៏ដោយ។

ម្យ៉ាងទៀតត្រីក្រពតទាំង ៥ប្រភេទដែលមានជាតិពុលគឺ មានជាតិពុលខ្ពស់បំផុតនៅរដូវពងកូនបន្តពូជ ដែលជាធម្មតាកើតឡើងនៅក្នុងខែកុម្ភៈ មីនា និងចន្លោះពី ខែ កក្កដា ទៅខែកញ្ញា។ នៅពេលយើងបរិភោគត្រីទាំង នេះ ជាតិពុលបានជ្រាបទៅប៉ះពាល់ប្រព័ន្ធសរសៃ ប្រសាទ កណ្តាល និងអាចបណ្តាលឱ្យស្លាប់។ ចំពោះជាតិពុលនៅក្នុងខ្លួនត្រី ក៏មានកម្រិតខុសគ្នាដែរ គឺពងនិងស្តែម របស់វាមានជាតិពុលខ្ពស់ជាងគេ បន្ទាប់មក គឺថ្លើម ពោះវៀន ស្បែក និងសាច់។

រោគសញ្ញា កើតក្រោយពីបរិភោគត្រីបែបនេះរយៈពេល ២០នាទីទៅ២ម៉ោង មានដូចជា រមាស់ចាក់ៗ នៅបបូរមាត់ និងមាត់ បន្ទាប់មកមានអាការៈឈឺក្បាល វិលមុខ រមាស់ចាក់ៗនៅក្នុងអវៈយវៈ មានការពិបាក និយាយ បាត់លំនឹងដងខ្លួន ខ្សោយសាច់ដុំ ខ្វិន ស្លឹកចុងដៃចុងជើង ក្អួត រាក ល្អិតថ្លៃ រឹងថ្គាម ឬអាចបណ្តាលឱ្យ ស្លាប់។ នៅក្នុងករណីដែលពុលខ្លាំង ការស្លាប់អាចបណ្តាលមកពីវិបត្តិផ្លូវដង្ហើម។ វិធីសង្គ្រោះភ្លាមៗ ក្រោយ ពីពុល អាចធ្វើបានតាមរយៈធ្វើឱ្យក្អួត (ប្រសិនបើអាចធ្វើទៅបាន)ដែលអាចជួយបញ្ចេញជាតិពុលពីក្នុងខ្លួនបានមួយចំណែក ហើយអ្នកពុលនោះត្រូវប្រញាប់ស្វែងរក ការជួយសង្គ្រោះបន្ទាន់នៅតាមមូលដ្ឋាន សុខាភិបាលដែលនៅជិតលោកអ្នកបំផុត ដោយស្ថានភាពអ្នកពុលតម្រូវឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ តាមដានពីគ្រូ ពេទ្យជាចាំបាច់។

ក្រសួងសុខាភិបាលសូមលើកទឹកចិត្តឱ្យបងប្អូនពលរដ្ឋគ្រប់រូបអនុវត្តតាមដំបូន្មានខាងលើ និងសូម បន្តផ្សព្វ ផ្សាយសារអប់រំនេះដល់ក្រុមគ្រួសារ សាច់ញាតិ ចិត្ត ដើម្បីការពារអ្នកនិងក្រុមគ្រួសារ ចៀសផុតពី ការឈឺ និងស្លាប់ដោយសារការបរិភោគត្រីក្រពតដែលមានជាតិពុលទាំង៥ប្រភេទនេះ៕


ចែករំលែក៖