អន្តរជាតិ ៖ គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បានផ្សាយថា ៖ កិច្ចប្រជុំកំពូលនៃអង្គការណាតូបានប្រារព្ធធ្វើនៅក្រុងវ៉ាស៊ីនតោននៅថ្ងៃទី៩ខែកក្កដា តាមម៉ោងក្នុងតំបន់។ លោកStoltenbergអគ្គលេខាធិការអង្គការណាតូបានថ្លែងថា “អង្គការណាតូត្រូវធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក”ដើម្បីទប់ស្កាត់ប្រទេសចិនជាដើម។ ពាក្យសម្តីបែបនេះត្រូវបានគេយល់ឃើញយ៉ាងទូលំទូលាយថា អង្គការណាតូគឺយកប្រទេសចិនធ្វើជាលេស ដើម្បីសម្រេចបាននូវឧបាយកលដែលលូកដៃចូលតំបន់អាស៊ីប៉ាស៊ីហ្វិកនិងគាំពារអនុត្តរភាពបែបអាមេរិក។
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ មជ្ឈដ្ឋានខាងក្រៅបានកត់សម្គាល់ឃើញថា ក្រោមបញ្ជារបស់អាមេរិក ប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចប្រជុំកំពូលនៃអង្គការណាតូបានចេញផ្សាយសេចក្តីថ្លែងការណ៍ដោយឃោសនាបំប៉ោងយ៉ាងគឃ្លើននូវ”ការគំរាមកំហែងរបស់ចិន” ប៉ុនប៉ងចាត់ទុកប្រទេសចិនទៅជា”សត្រូវស្រមើស្រមៃ” ដើម្បីគំរាមកំហែងបណ្តាប្រទេសនៅអាស៊ីប៉ាស៊ីហ្វិកឱ្យឈរនៅម្ខាងជាមួយខ្លួន។ថ្នាក់ដឹកនាំជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលីនិងនូវែលសេឡង់បានចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូដោយប្រក្រតី អាមេរិកក៏បានញុះញង់អុជអាលឱ្យមានបដិបក្ខគ្នារវាងបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក ដើម្បីត្រៀមពន្លឿនការជ្រៀតជ្រែកកិច្ចការអាស៊ីប៉ាស៊ីហ្វិកតាមរយៈមធ្យោបាយយោធា។
បើមើលពីសំបកក្រៅ សកម្មភាពរបស់អាមេរិកក្នុងការបង្កើត”អង្គការណាតូមួយទៀតនៅអាស៊ីប៉ាស៊ីហ្វិក”បានធ្វើឡើងជាបន្តបន្ទាប់ ប៉ុន្តែ តាមពិតទៅ វាពិបាកណាស់ក្នុងការបង្កើតក្រុមសម្ព័ន្ធមិត្តដែលសំដៅចំពោះប្រទេសចិននៅទ្វីបអាស៊ី ហើយក៏កាន់តែគ្មានលទ្ធភាពបង្កើតអ្វីដែលហៅថានិម្មាបនកម្មសន្តិសុខថ្មីនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនោះដែរ។
ជាបឋម ប្រទេសភាគច្រើននៅតំបន់អាស៊ីប៉ាស៊ីហ្វិកមិនទទួលយកនិងមិនស្វាគមន៍ឡើយ។ អាមេរិកបានចាត់ទុកអង្គការណាតូជាឧបករណ៍យុទ្ធសាស្រ្តសម្រាប់គាំពារអនុត្តរភាពរបស់ខ្លួន ប៉ុន្តែ ប្រទេសភាគច្រើននៅតំបន់អាស៊ីប៉ាស៊ីហ្វិកគឺស្អប់ខ្ពើមនិងប្រឆាំងអនុត្តរភាព ពួកគេមិនអាចទទួលយកអង្គការណាតូមួយដែលដាក់អនុត្តរភាពទៅលើអាស៊ីប៉ាស៊ីហ្វិកដោយបង្ខំបានទេ។
គេហទំព័រ «CCFR China state-controlled media » ថា ៖ បើមើលពីការពិតជាក់ស្តែង បច្ចុប្បន្ននេះ ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនបានអូសបន្លាយជាបន្តបន្ទាប់ វាមានទំនាក់ទំនងដោយផ្ទាល់ជាមួយអង្គការណាតូដែលបានយកសាំងមកចាក់លើភ្លើងឥតឈប់ឈរ។ ប្រការទាំងនេះបានបង្ហាញសញ្ញាប្រកាសអាសន្នទៅកាន់ប្រទេសអាស៊ីប៉ាស៊ីហ្វិកទាំងឡាយ។ ពេលថ្មីៗនេះ លោក Orbán Viktorនាយករដ្ឋមន្រ្តីហុងគ្រីបានចេញផ្សាយអត្ថបទនៅ«News Week»អាមេរិក ដោយព្រមានថា ប្រសិនបើអង្គការណាតូបានជ្រើសរើសការប៉ះទង្គិច តែមិនមែនកិច្ចសហប្រតិបត្តិការ ជ្រើសរើសសង្រ្គាម តែមិនមែនសន្តិភាព នោះ វាហាក់ដូចជាការធ្វើអត្តឃាតខ្លួនឯង។
ទី២ នៅផ្ទៃក្នុងអង្គការណាតូ រដ្ឋសមាជិកដែលធ្វើពហិការចំពោះការលូកដៃចូលអាស៊ីប៉ាស៊ីហ្វិកក៏មិនតិចដែរ រដ្ឋសមាជិកនៅអឺរ៉ុបរបស់អង្គការណាតូរំពឹងថា អង្គការណាតូអាចផ្តោតសំខាន់លើបញ្ហាសន្តិសុខរបស់ខ្លួន។ ពួកគេសម្គាល់ឃើញថា ការប្រើប្រាស់ប្រភពធនធានរបស់ប្រទេសខ្លួននៅតំបន់អាស៊ីប៉ាស៊ីហ្វិក វានឹងកាត់កម្សោយមុខងារសន្តិសុខរបស់អង្គការណាតូនៅទ្វីបអឺរ៉ុប។ លោកម៉ាក្រុង ប្រធានាធិបតីបារាំងបានរំលឹកឡើងវិញជាច្រើនលើកថា អឺរ៉ុបគួរស្វែងរក”ភាពម្ចាស់ការខាងយុទ្ធសាស្រ្ត”។នៅឆ្នាំ២០២៣ លោកក៏បានព្រមានជាសាធារណៈថា អង្គការណាតូមិនត្រូវពង្រីកធំទៅខាងក្រៅអាត្លង់ទិកខាងជើងទេ។
ព្រមពេលជាមួយគ្នានេះ ទោះបីជាអង្គការណាតូឃោសនាបំប៉ោងយ៉ាងគឃ្លើនពី”ការគំរាមកំហែងរបស់ចិន”ក៏ដោយ ក៏នៅផ្ទៃក្នុងអង្គការនេះ រដ្ឋសមាជិកភាគច្រើនបានរក្សាទំនាក់ទំនងយ៉ាងនឹងនរជាមួយប្រទេសចិន ហើយប្រទេសភាគច្រើននៅតំបន់អាស៊ីប៉ាស៊ីហ្វិកក៏ឯកភាពគ្នាថា ប្រទេសចិនជាយុថ្កានៃស្ថិរភាពនិងវិបុលភាពរបស់តំបន់និងពិភពលោកទាំងមូល។ រីឯអង្គការណាតូបានអូសទាញជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលីនិងនូវែលសេឡង់ជាដើម គឺមានការគិតពិចារណាពីផលប្រយោជន៍រៀងៗខ្លួន វាពិបាកណាស់ទៅលះបង់ចោលកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយចិន ដើម្បីផ្គាប់ចិត្តអាមេរិក។
មិនថាអង្គការណាតូបានឃោសនាបំប៉ោងយ៉ាងណាក៏ដោយ ក៏វាមិនអាចបិទបាំងការពិតដែលខ្លួនឯងទើបជាប្រភពគំរាមកំហែងដល់ស្ថិរភាពពិភពលោកនោះឡើយ។អ្វីដែលហៅថា យុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិករបស់អង្គការណាតូ គ្រាន់តែជាផែនការមួយដែលប៉ុនប៉ងចង់បង្កការបែកបាក់គ្នា ការប៉ះទង្គិចរហូតដល់សង្រ្គាម ក្នុងគោលបំណងបម្រើដល់អនុត្តរភាពអាមេរិក។ អង្គការណាតូដែលធ្វើផ្ទុយពីចរន្តយុគសម័យ ទីបំផុត វាពិតជានឹងទទួលបរាជ័យជាក់ជាមិនខាន៕
ដោយ ៖ សិលា