ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជំនាញសហការបង្រ្កាបនិងបំផ្លាញឧបករណ៍ចាប់ត្រីខុសច្បាប់ស្ដីពីជលផល(មានវីដេអូ)

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ម្សិលមិញថ្ងៃអង្គារ ៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ មន្ត្រីជំនាញរដ្ឋបាលជលផល សហការជាមួយកម្លាំងស្ថាប័នពាក់ព័ន្ធ រួមទាំងអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសជលផល ក្នុងតំបន់ដែនសមត្ថកិច្ចរបស់ខ្លួននារដូវបិទនេសាទ ដោយធ្វើការបំផ្លាញចោលនូវឧបករណ៍ដែលជាវត្ថុតាង(មងនិងរបាំងស្បៃមុង)រួមទាំងសង្រ្គោះត្រីចម្រុះផងដែរ។ 

លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់បានឱ្យដឹងថា នៅក្នុងកន្លែងអភិរក្សជលផល អតីតឡូត៍នេសាទលេខ២ ស្ថិតក្នុងភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលជាលទ្ធផល ក្រុមការងារបានស្រាវយក(មងរាយ)ប្រវែងសរុបចំនួន១៦០០០ម៉ែត្រយកទៅដុតកម្ទេចចោល ។

លោកនាយខណ្ឌរដ្ឋបាលជលផលឱ្យដឹងទៀតថា កម្លាំងសហការចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលជាក់ស្ដែងនៅត្រង់ចំណុចព្រំប្រទល់ស្រុកក្រគរ និងស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ជាលទ្ធផលបង្រ្កាបបាន២ករណី ដោយករណីទី១-បង្រ្កាបរបាំងស្បៃមុងចំនួន១៥ខ្សែ ស្មើនឹងប្រវែងចំនួន១.៤១០ម៉ែត្រ លូកងស្បៃមុងចំនួន២២មាត់ បង្គោលចម្រឹងចំនួន៣៨០ដើម(បំផ្លាញចោល)និងចាក់លែងត្រីចម្រុះភាគច្រើនប្រភេទត្រី កញ្ចុះ ត្រីប្រម៉ា ត្រីកែង និងត្រីឆ្លាំង ចូលក្នុងទឹកបឹងធម្មជាតិ(បឹងទន្លេសាប)២៥គីឡូក្រាម ។ 

លោកបញ្ជាក់បន្ថែមទៀតថា ករណីទី២ -បានបង្រ្កាបនិងបំផ្លិចបំផ្លាញដងឈិបយន្ត១គូ ប្រវែងប្រមាណ៦ម៉ែត្រ ហើយកម្លាំងបន្តសហការគ្នាចុះពិនិត្យ ទប់ស្កាត់ និងបង្រ្កាបឱ្យដូចភ្លៀងរលឹម ព្រោះរដូវនេះជារដូវបិទនេសាទ។ ម្យ៉ាងទៀតអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ផងដែរ ដើម្បីមច្ឆជាតិពងកូន ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖