ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសកូនអកត្តញ្ញូម្នាក់ ស្រវឹងស្រាប្រើកាំបិតចុងស្រួចចាក់សម្លាប់ម្តាយបង្កើត ដាក់ពន្ធនាគារកំណត់១៣ ឆ្នាំ ពីបទ.ឃាតកម្ម តាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ។
ជនជាប់ចោទមានឈ្មោះ ឆៀប ឆែ ភេទ ប្រុស អាយុ៣៥ ឆ្នាំ មុខរបរ ជាកម្មករ លើកដាក់លីសែងអីវ៉ាន់តាមផ្សារ ស្នាក់នៅបន្ទប់ជួល ផ្ទះលេខ៦E2 ជាន់ទី១ ផ្លូវរទេះភ្លើង ភូមិ១០៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សាលក្រមបានប្រកាសចំពោះមុខជនជាប់ចោទ និងសិទ្ធិឲ្យប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើមិនសុខចិត្តចំពោះការកាត់ក្តីនេះ ។
អង្គហេតុបណ្តាលឲ្យមានសាលក្រមផ្តន្ទាទោស កូនអកត្តញ្ញូរូបនេះ ត្រូវបានគេដឹងថា កាលពីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ជនជាប់ចោទ ផឹកស្រាស្រវឹងវង្វេងវង្វាន់បាត់បង់ស្មារតី ហើយម្តាយបានស្តីបន្ទោសឲ្យតិចតួច ក៏កើតមានជម្លោះធ្វើឲ្យជនជាប់ចោទ ស្ទុះទៅយកកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះជាច្រើនកាំបិត ធ្វើឲ្យរងរបួសហូរឈាមរហូតដល់ស្លាប់ ។ ក្រោយកើតហេតុសមត្ថកិច្ចនគរបាលខណ្ឌទួលគោក សហការជាមួយនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ បានចុះទៅឃាត់ខ្លួនជនសង្ស័យ និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធី ហើយជនជាប់ចោទត្រូវបានឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្នចាប់ពីពេលនោះមក ។ សំណុំរឿងនេះត្រូវបានតុលាការបើកការស៊ើបអង្កេត រហូតមកដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ទើបលើកយកមកកាត់ក្តី ដែលមានលោក កេត សុជាតិ ជាចៅក្រមជំនុំជម្រះ និងលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ ក្រោយបញ្ចប់សវនាការចៅក្រមជំនុំជម្រះ បានលើកពេលប្រកាសសាលក្រម ទៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នេះ និងតម្រូវផ្តន្ទាទោសកូនអកត្តញ្ញូចាក់សម្លាប់ម្តាយបង្កើតដាក់ពន្ធនាគារ១៣ ឆ្នាំពីបទ.ឃាតកម្ម នោះ ៕
ដោយ ៖ រ៉ារ៉ា