ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ស្តីពីការចោទប្រកាន់ក្រុមក្មេងទំនើងដែលជាជនសង្ស័យចំនួន ២នាក់ និងបក្ខពួក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ មានកិត្តិយសសូមគោរពជម្រាបជូន សាធារណជនទាំងអស់មេត្តាជ្រាបថា៖ អយ្យការអមសាលាដំបូងខេត្ត បន្ទាយមានជ័យ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បានចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ១០៤០ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ពាក់ព័ន្ឋ ករណី ហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនា ដែលបង្កដោយក្រុមក្មេងទំនើង មួយក្រុម មានគ្នាប្រហែល ០៦នាក់ បានធ្វើសកម្មភាពសកម្មភាពធាក់ម៉ូតូក្រុមក្មេងទំនើងម្ខាងទៀត (ក្រុមនំប៉័ង NPB) បណ្តាលឱ្យមូលនៅម្តុំភូមិត្រពាំងថ្មកណ្តាល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បន្ទាប់ពី ធ្វើសកម្មភាពរួចបាននាំគ្នារត់គេចខ្លួន ក្រោយមកក្រុមក្មេងទំនើងដដែល បានធ្វើសកម្មភាពកាប់ទៅលើ ម៉ូតូរបស់ ក្រុមនំប៉័ង NPB បណ្តាលឱ្យខូចខាតច្រើនកន្លែង។

កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជន សង្ស័យ ចំនួន ០២នាក់ មានឈ្មោះ តោ ទាវ ភេទប្រុស អាយុ១៧ឆ្នាំ និងឈ្មោះ លុន គឹមលៀង ភេទប្រុស អាយុ១៦ឆ្នាំ ចំណែកជនសង្ស័យដទៃទៀត សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ និងតាមចាប់ខ្លួន។

បន្ទាប់ពីបានពិនិត្យភស្តុតាង សាកសួរលើជនសង្ស័យទាំង ០៣នាក់តាមនីតិវិធីច្បាប់រួចមក តំណាង អយ្យការសម្រេចចោទប្រកាន់ជនសង្ស័យចំនួន០២នាក់ និងបក្ខពួក តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើប សួរលេខ ១០២៧ អយ.ច ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ពីបទ ហិង្សាដោយចេតនា ស្ថានទម្ងន់ទោស និង ធ្វើឱ្យខូចខាតដោយចេតនា តាមបញ្ញត្តិមាត្រា២១៨ និងមាត្រា ៤១០នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅភូមិ ត្រពាំងថ្មកណ្តាល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៣,០៤ ខែកក្កដា ឆ្នាំ ២០២៤៕ដោយ៖តារា


ចែករំលែក៖