ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង ជំរុញឱ្យក្រុមហ៊ុនភ្នំពេញព្រីខាសផ្លេន ត្រូវពន្លឿនកាេងារស្ដារប្រឡាយ ប៉ុកស៊ីផាយ និងដាក់លូជ្រុងតាមស្ដង់ដា នៅបឹងទំពន់ នៅប្រឡាយលូប្រាំ និងប្រឡាយបារាំង ស្ថិតនៅខណ្ឌ៣ គឺខណ្ឌមានជ័យ ខណ្ឌ ដង្កោ និងសែនសុខ ដើម្បីរំដោះទឹកជំនន់ រដូវវស្សា នៅរាជធានីភ្នំពេញ ។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញបែបនេះ ខណៈឯកឧត្ដមនិងមន្ដ្រីជំនាញក្រោមឱវាទ ចុះពិនិត្យ ការងារស្ថាបនាប៉ុកស៊ីផាយ និងដាក់លូជ្រុង ស្ដារប្រឡាយមេ នៅប្រឡាយបឹងទំពន់ ប្រឡាយលូប្រាំ និង ប្រឡាយបារាំង កាលពីថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០២៤ ។
ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា៖ ការងារស្ដារប្រឡាយមេនេះ ស្ថិតក្នុងគម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញចំនួន១៣គម្រោង ដែលបាន និងកំពុងអនុវត្ត។ គម្រោងសំដៅបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ តាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី នៅរាជធានីភ្នំពេញមានចំនួន៥០គម្រោង ហើយគម្រោងដែលកំពុងអនុវត្តមាន១៣គម្រោង។
ឯកឧត្ដឃួង ស្រេង ក៏បានណែនាំឱ្យ ឯកឧត្តម ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ បញ្ចេញគ្រឿងចក្រធ្វើការកាយប្រឡាយមេ តាមបណ្តោយផ្លូវជាតិលេខ៣ ឱ្យ បានធំទូលាយ និងមិនអនុញ្ញាត្តិឱ្យ មានការ កាយដាក់លូតូចៗ ខុសស្តង់ដាបច្ចេកទេសនោះឡើយ ដែលវានឹងនាំឱ្យស្ទះផ្លូវទឹក ដែលបង្កឱ្យ មានការលិចលង់ដោយជំនន់ទឹកភ្លៀង។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា៖ ក្រុមហ៊ុនម៉ៅការ ភ្នំពេញព្រីខាសផ្លេន បាននិងកំពុងពន្លឿនកាេងារស្ដារប្រ ឡាយ ប៉ុកស៊ីផាយ និងដាក់លូជ្រុងតាមស្ដង់ដារ សម្រេចបាន១៦ភាគរយហើយ នៅបឹងទំពន់ នៅប្រឡាយលូប្រាំ និងប្រឡាយបារាំង ស្ថិតនៅខណ្ឌ៣ គឺខណ្ឌមានជ័យ ខណ្ឌ ដង្កោ និងសែនសុខ ដើម្បីរំដោះទឹកជំនន់រដូវវស្សា នៅរាជធានីភ្នំពេញ ។ គម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានចំនួន៥០គម្រោង ហើយគម្រោងដែលត្រូវអនុវត្តមានចំនួន២៣គម្រោង។តែសម្រាប់ ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តចំនួន ១៣គម្រោង ។
លោក សាំ ពិសិដ្ឋ បានបន្តថា៖ ចំពោះគម្រោងទាំង ១៣នេះ ជាគម្រោងដែលបាននិងកំពុងអនុវត្តក្នុងតំបន់ងាយរងគ្រោះដោយការលិចលង់ជាងគេ ដែលមានដូចជា តំបន់ជុំវិញស្ថានីយ៍បូមទឹកលូប្រាំ,តំបន់ជុំវិញ ស្ថានីយ៍បូមទឹកបឹង ទំពុន,តំបន់ជុំវិញស្ថានីបូមទឹកបឹងត្របែកជាដើម។
លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា ក្នុងចំនួន១៣គម្រោងដែលបាននឹងកំពុងអនុវត្តនេះ ក៏មានគម្រោងពង្រីកស្ថានីយ៍បូមទឹកឲ្យបានធំជាងមុន ដូចជានៅស្ថានីយ៍លូប្រាំ និងស្ថានីយ៍កប់ស្រូវ គម្រោងសាងសង់ សម្រង់កាយសម្រាមនៅបឹងត្របែក ។ សម្រាប់ ១៣គម្រោងនេះ គិតមកដល់ ពេលនេះការដ្ឋានអនុវត្តសម្រេចបាន ៦.៥% ហើយ អាចរំដោះទឹកចេញពីតំបន់បឹងត្របែក បឹងកេងកង ម៉ុងឌីយ៉ាល់ ព្រលានយន្តហោះ បឹងទំពុននិងតំបន់ផ្សារដើមគរ។
សូមបញ្ជាក់ថា៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលបំណងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ សំដៅបញ្ចប់ បញ្ហាទឹកជន់លិចរាជធានីភ្នំពេញក្នុងរយៈពេល ៥ឆ្នាំ ក្រោយបញ្ចប់គម្រោងនេះរាជធានីភ្នំពេញនឹងលែងលិចលង់ ជាមួយនិងការសាទរពីប្រជាពល រដ្ឋ។ចំណែក គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោដែលជាគម្រោងប្រវត្តិសាស្រ្តលើកដំបូងនៅកម្ពុជា គម្រោងនេះក៏ជាផ្នែកដ៏សំខាន់មួយក្នុងការរំដោះទឹកភ្លៀងចេញពីរាជធានីភ្នំពេញផងដែរ៕
ដោយ ៖ សំរិត