ថៃបានបោះឆ្នោតព្រឹទ្ធសភា អាណត្តិថ្មីដើម្បីជ្រើសរើស សមាជិកព្រឹទ្ធសភា ២៥០ រូប ចំនួស សមាជិកចាសដែលតែងតាំងដោយយោធាថៃ។ តាមការប្រកាសរបស់គណកម្មការរៀបចំការបោះឆ្នោត មានសមាជិកព្រឹទ្ធសភា ២០០រូបបានជាប់ឆ្នោត និងបេក្ខភាព ៩៩រូបស្ថិតនៅក្នុងបញ្ជីបម្រុង។
ក្រុមអ្នកវិភាគនយោបាយបានលើកឡើងថា សមាសភាពថ្មីនៃព្រឹទ្ធសភានេះ អាចធ្វើឱ្យគណបក្សភឿថៃដែលកំពុងកាន់អំណាចពិបាកក្នុងការដឹកនាំប្រទេស។ ថ្បិតថា បើទោះបីជាព្រឹទ្ធសភាថ្មីនេះមិនមានតួនាទី ក្នុងការបោះឆ្នោតអនុម័តនាយករដ្ឋមន្ត្រីក៏ដោយ ក៏ព្រឹទ្ធសភានៅតែរក្សាអំណាចក្នុងការពិនិត្យច្បាប់ និងតែងតាំងសមាជិកសំខាន់ៗនៃស្ថាប័នដែលមានឥទ្ធិពលដូចជា គណៈកម្មការបោះឆ្នោត និងតុលាការធម្មនុញ្ញ។
លោក សាវែង ប៊ុនមុី (Sawaeng Boonmee) អគ្គលេខាធិការគណៈកម្មការបោះឆ្នោតបានថ្លែងថា មានការពន្យារពេលក្នុងការប្រកាសលទ្ធផល នៃដំណើរការបោះឆ្នោតសមាជិកព្រឹទ្ធសភាដ៏ស្មុគស្មាញ ដែលបានបញ្ចប់កាលពីខែមុន ដោយសារតែមានពាក្យបណ្តឹងមួយចំនួន ដែលត្រូវបានពិនិត្យរួចរាល់ហើយ។
លទ្ធផលបណ្តោះអាសន្នបង្ហាញថា ព្រឹទ្ធសភាថ្មីនេះមានសមាជិកភាគច្រើនមកពីគណបក្សភូមចៃថៃ (Bhumjaithai) ដែលជាដៃគូចម្រុះដ៏សំខាន់របស់គណបក្សភឿថៃ ខណៈដែលសមាជិកព្រឹទ្ធសភាមកពីគណបក្សភឿថៃមានចំនួនតិចតួច។ ក្រុមអ្នកវិភាគនយោបាយជឿថា គណបក្សភូមចៃថៃអាចនឹងក្លាយជាអ្នកតំណាងថ្មីសម្រាប់ក្រុមអភិរក្សនិយម និងរាជានិយម។
នយោបាយថៃត្រូវបានកំណត់ដោយជម្លោះរវាងក្រុមអភិរក្សនិយមដែលគាំទ្រដោយយោធា និងគណបក្សប្រជានិយមដូចជាគណបក្សភឿថៃ ជាយូរមកហើយ ដែលជួនកាលបានបង្កឱ្យមានការតវ៉ាតាមដងផ្លូវដ៏ហិង្សា និងរដ្ឋប្រហារយោធាក្នុងឆ្នាំ២០០៦ និង ២០១៤។ លោក Mathis Lohatepanont អ្នកវិភាគនយោបាយឯករាជ្យម្នាក់បានលើកឡើងថា «ការបោះឆ្នោតព្រឹទ្ធសភាថ្មីគឺជាឱកាសដើម្បីបើកទំព័រថ្មី និងអនុញ្ញាតឱ្យព្រឹទ្ធសភាដែលមានសមាជិកគាំទ្រគណបក្សភឿថៃច្រើនជាងមុនឡើងកាន់តំណែង…ប៉ុន្តែលទ្ធភាពនេះមិនបានកើតឡើងទេ»៕
ដោយ៖ ធីរីណា(រូបថត៖ TTXVN)