ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជាន់ខ្ពស់​ CDC​ ៖​ កាលានុវត្តភាពវិនិយោគថ្មី​ ក្នុងវិស័យផ្គុំនិងដំឡើងយានយន្តអគ្គិសនី

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ នារសៀលថ្ងៃ​ព្រហស្បតិ៍​ទី១១ ខែកក្កដា ឆ្នាំ២០២៤​ បានឱ្យដឹងថា​ លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំក្រុមការងារទទួលជួបពិភាក្សាការងារជា មួយលោកស្រី Sofia Fang អ្នកតំណាងក្រុមហ៊ុន SUN WAH PROPERTIES (CAMBODIA) CO., LTD. និងសហការី កាលពីម្សិលមិញនេះ​ ដែលមានបំណងស្វែងយល់និងប្រមូលព័ត៌មានបន្ថែមពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគលើសកម្មភាពផ្គុំ និងដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា ពិសេសគោលនយោបាយគាំទ្ររបស់រាជរដ្ឋាភិបាល និងការផ្តល់ការលើកទឹកចិត្តក្នុងវិស័យនេះ ។

បន្ទាប់ពីជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ក្រុមហ៊ុនបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យមួយចំនួននៅកម្ពុជា ដែលក្នុងនោះការផ្គុំ និងដំឡើងរថយន្តអគ្គិសនី ជាសកម្មភាពវិនិយោគអាទិភាពមួយ ដែលក្រុមហ៊ុនកំពុងធ្វើការសិក្សា។ 

ក្នុងកិច្ចពិភាក្សានេះ លោកអគ្គលេខាធិការរង បានជម្រាបជូនតំណាងក្រុមហ៊ុន SUN WAH PROPERTIES (CAMBODIA) CO., LTD. អំពីទិដ្ឋភាពទូទៅ ក្របខ័ណ្ឌច្បាប់  គោលនយោបាយ និងបទប្បញ្ញត្តិនានា ដែលមានភាពអំណោយផលដល់ការវិនិយោគផ្គុំ និងដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា ជាពិសេសការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលលើការវិនិយោគក្នុងវិស័យនេះ ដែលមានដូចជា៖ ច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ផែនទីបង្ហាញផ្លូវស្ដីពីការអភិវឌ្ឍវិស័យយានយន្តនិងអេឡិចត្រូនិកកម្ពុជា និងគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ ដែលទើបបានប្រកាសដាក់ឲ្យប្រើប្រាស់កាលពីពេលថ្មីៗកន្លងទៅ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធដែលមានភាពអំណោយផលខ្លាំងដល់វិស័យនេះ ជាដើម។

លោកអគ្គលេខាធិការរង បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន ដែលបានជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគកន្លងមក ព្រមទាំងជាគោលដៅក្នុងការសិក្សាបន្ថែមពីកាលានុវត្តភាពវិនិយោគក្នុងវិស័យផ្គុំ និងដំឡើងយានយន្តអគ្គិសនី ហើយបានសង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុននឹងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគក្នុងវិស័យនេះនៅកម្ពុជា នាពេលឆាប់ៗខាងមុខដើម្បីបង្កើតឱកាសការងារបន្ថែមជូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាពង្រីករចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជាឱ្យកាន់តែមានភាពសម្បូរបែប ផងដែរ ខណៈដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងត្រៀមខ្លួនជានិច្ចក្នុងការផ្តល់ការគំាទ្រនិងកិច្ចសម្រួលដល់ការវិនិយោគ៕

ដោយ​៖ តារា​


ចែករំលែក៖