ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះថា ៖ កម្លាំងជំនាញព្រហ្មទណ្ឌដោយមានការដឹកនាំបង្ក្រាបពីលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង៦នាក់ជាបន្តបន្ទាប់ ក្នុងចំណោមបក្សពួក១០នាក់ ពាក់ព័ន្ធករណីកាប់គ្នា បណ្ដាលឱ្យជនរងគ្រោះម្នាក់របួសធ្ងន់ កាលពីវេលាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចផ្លូវ ១៦៨K ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
លោកវរសេនីយ៍ឯក ម៉ន វុធី បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវករណីក្មេងទំនើងកាប់គ្នាបណ្តាលឱ្យជនរងគ្រោះម្នាក់រងរបួសធ្ងន់។ ក្រោយធ្វើសកម្មភាព កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើងចំនួន០៦នាក់ជាបន្តបន្ទាប់និងបក្សពួកប្រហែលជាង១០នាក់ទៀតកំពុងរត់គេចខ្លួន។
បច្ចុប្បន្នកម្លាំងជំនាញបានធ្វើការកសាងសំណុំរឿងតាមនីតិវិធី និងបន្តស្រាវជ្រាវរកចាប់ខ្លួនបក្សពួកសេសសល់យកមកអនុវត្តតាមនីតិវិធី៕
ដោយ៖សុខាសែនជ័យ