ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកឡើងថា “ក្រសួងមុខងារសាធារណៈកំពុងធ្វើបច្ចុប្បន្នភាព កំណែទម្រង់មុខងារសាធារណៈ លើមាគ៌ាដែលថ្នាក់ដឹកនាំជំនាន់មុនបានត្រួសត្រាយផ្លូវរួចហើយ”

ចែករំលែក៖

ភ្នំពេញ៖ បាឋកថាស្តីពី «បរិវត្តកម្មមុខងារសាធារណៈកម្ពុជា»៖ ក្រសួងមុខងារសាធារណៈ កំពុងបន្តការងារកែទម្រង់រដ្ឋបាលសាធារណៈ លើមាគ៌ាដែលថ្នាក់ដឹកនាំជំនាន់មុន បានត្រួសត្រាយផ្លូវរួចហើយ ដើម្បីសម្រេចបានប្រព័ន្ធរដ្ឋបាលមួយដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត ស្អាតស្អំ”។

 នៅក្នុងបទបាឋកថា ស្តីពី «បរិវត្តកម្មមុខងារសាធារណៈកម្ពុជា» នាព្រឹកនេះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើក ឡើងថា “ក្រសួងមុខងារសាធារណៈកំពុងធ្វើបច្ចុប្បន្ន ភាព កំណែទម្រង់មុខងារសាធារណៈ លើមាគ៌ាដែលថ្នាក់ដឹកនាំជំនាន់មុនបានត្រួសត្រាយផ្លូវរួចហើយ។” ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បែបនេះ ទន្ទឹមនឹងការរំលឹកពីការដាក់ការកែទម្រង់រដ្ឋបាលសាធារណៈ ជាកូនសោរគន្លឹះ នៃយុទ្ធសាស្ត្របញ្ចកោណណ ព្រមទាំងបានបន្ថែមថា “អ្វីដែលយើង បាន និងកំពុងធ្វើ គឺធ្វើយ៉ាងណាសម្រេចបាននូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត ស្អាតស្អំ។”

 នាព្រឹកថ្ងៃទី១១ ខែកក្កដា លោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញផ្តល់បាឋកថា ស្តីពី «បរិវត្តកម្មមុខងារសាធារណៈកម្ពុជា» ជូនដល់កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ មន្ត្រីគ្រប់គ្រងរដ្ឋបាល មន្ត្រីមធ្យម និងមន្ត្រីក្រមការ នៅសាលាភូមិន្ទរដ្ឋបាល ដោយមានវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ និងគណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល។

 មានប្រសាសន៍ក្នុងបាឋកថា ឧបនាយករដ្ឋមន្ត្រី បានរម្លឹកអំពីប្រវត្តិកកើតនៃស្ថាប័នមុខងារសាធារណៈ  និងប្រតិបត្តិការការងារប្រចាំថ្ងៃរបស់ក្រសួងមុខងារសាធារណៈ សមិទ្ធផលដែលក្រសួងសម្រេចបាន ព្រម ទាំងបេសកកម្ម មុខងារ ភារកិច្ច និងទំនួលខុសត្រូវចំបងៗរបស់ក្រសួងមុខងារសាធារណៈ ក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ។ 

ឧបនាយករដ្ឋមន្ត្រី ក៏បានបន្តថា “ក្នុងរយៈពេល ១១ខែ នៃអាណត្តិទី៧ ក្រសួងមុខងារសាធារណៈ សម្រេចបានសមិទ្ធផលជាច្រើន រួមមានការងារកំណែទម្រង់ផ្ទៃក្នុងក្រសួង និងកំណែទម្រង់រដ្ឋបាលសាធារណៈ របស់រាជ រដ្ឋាភិបាលអាណត្តិទី៧ ក្នុងគោលដៅកែលម្អ និងកែ ទម្រង់រចនាសម្ព័ន្ធ  ក៏ដូចជារបៀបរបបធ្វើការងារនៅផ្ទៃ ក្នុងក្រសួង។ ទាំងនេះជាការអនុវត្តស្របតាមទិសស្លោករបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា «ការរៀបចំផ្ទះខ្លួនយើងឱ្យបានស្អាត និងមានរបៀបរៀបរយ» ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល។”

 លោកឧបនាយករដ្ឋមន្ត្រី បានចែករំលែកពីភាពជាមន្ត្រីរាជការស៊ីវិល ជូនទៅដល់សិក្ខាកាមដែលជាសិស្សមន្ត្រីនៅសាលាភូមិន្ទរដ្ឋបាល ដោយផ្សាភ្ជាប់ជាមួយនឹងពាក្យថា «អនាគតកម្ពុជា»។ អនាគតកម្ពុជា ក្នុងន័យនេះ សំដៅដល់កូនខ្មែរជំនាន់ក្រោយ ប្រកបដោយឧត្តមគតិនិយម ដែលពូនជ្រុំការងារបច្ចុប្បន្ន ដើម្បីបម្រើប្រជាជាតិ និងប្រជាជនរបស់យើង។

 តាមរបាយការណ៍របស់លោក យក់ ប៊ុនណា រដ្ឋលេខា ធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានបញ្ជាក់ថា “កម្មវិធីបាឋកថានាពេលនេះ ក្រុមការងារបច្ចេកទេស បានរៀបចំជូនកម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ មន្ត្រីគ្រប់គ្រងរដ្ឋបាល និងមន្ត្រីក្រមការចូលរួមផ្ទាល់ ចំនួន ១៥៥អង្គ/នាក់ (ស្រី ៤១នាក់, ព្រះសង្ឃ ១១អង្គ) និងកម្មសិក្សាការីមន្ត្រីធម្យមចូលរួមតាមប្រព័ន្ធ Microsoft Teams ចំនួន ២៣៥នាក់ (ស្រី ៤៩នាក់)។”៕

ដោយ៖ សូរិយា


ចែករំលែក៖