ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបាន ផ្តល់អនុសាសន៍ដល់ និស្សិតជ័យលាភីអាហារូបករណ៍ មុននឹងចេញទៅបន្តការសិក្សានៅក្រៅប្រទេសត្រូវខិតខំទាញយកខួរក្បាលបច្ចេកវិទ្យា និងជំនាញផ្សេងៗពីបរទេស ដើម្បីអភិវឌ្ឍប្រទេសឱ្យរីកចម្រើន។
សូមបញ្ជាក់ថា ៖ នៅក្នុងឱកាសអនុញ្ញាតឱ្យ ក្រុមនិស្សិតអាហារូបករណ៍ទៅសាធារណរដ្ឋឆេក និងជប៉ុន ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច នៅវិមាន៧មករា រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ទៅក្រុមនិស្សិតទាំងអស់ថា ៖ ទី១ ត្រូវទៅទាញយកខួរក្បាលបច្ចេកវិទ្យា និងជំនាញផ្សេងៗពីបរទេស ដើម្បីអភិវឌ្ឍប្រទេស និង សូមកុំខ្លាចគេ កុំចាញ់ប្រៀបគេដោយសារគេជាប្រទេសអ្នកមាន ប៉ុន្តែ កុំច្រឡោមខាង និងមានមោទនភាពជ្រុល។ ទី២ ត្រូវតែប្រឹងរៀន គោរពច្បាប់ (បទបញ្ជាផ្ទៃក្នុងសកលវិទ្យាល័យ) ត្រូវគោរពឱ្យល្អ និងសកម្មបន្ថែមទៀត ត្រូវគោរពប្រពៃណី និងទំនៀមទម្លាប់របស់ប្រទេសគេ ព្រមទាំង ត្រូវព្យាយាមប្រាស្រ័យទាក់ទង កសាងសាមគ្គីភាព មិត្តភាពជាមួយគ្រូ និងមិត្តភក្តបរទេស និងត្រូវមានសីលធម៌ល្អ មានវិន័យ និងការទទួលខុសត្រូវខ្ពស់ ព្រោះនិស្សិតគ្រប់រូបនឹងដើរតួជា “អ្នកការទូត” របស់កម្ពុជា ដូច្នេះ ត្រូវផ្សព្វផ្សាយពីទំនៀមទម្លាប់ វប្បធម៌ដ៏ល្អរបស់កម្ពុជាយើង និង ទី៣ ត្រូវខិតខំរៀនភាសាបរទេស ឱ្យបានច្រើន កាន់តែល្អ ចាប់យកចំណេះវិជ្ជាផង និងភាសាផង។
និស្សិតជ័យលាភីទាំងអស់ បានធ្វើការប្តេជ្ញាចិត្តចិត្ត នឹងខិតខំរៀនសូត្រឱ្យបានជោគជ័យ ដើម្បីយកចំណេះដឹង និងជំនាញមកវិញ ធ្វើឱ្យគ្រួសារមានមោទនភាព ព្រមទាំងប្តេជ្ញាចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលឱ្យកាន់តែរីកចម្រើន។ និស្សិតជ័យលាភីទាំងអស់ ក៏បានប្តេជ្ញាខិតខំផ្សព្វផ្សាយពីប្រពៃណី វប្បធម៌ អត្តសញ្ញាណជាតិ ប្រទេសកម្ពុជា និងអំពីភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ទៅដល់ប្រទេសជប៉ុន ឆេក និងជាមួយមិត្តភក្តបរទេស ដើម្បីបង្កើនកិត្យានុភាពកម្ពុជា៕
ដោយ ៖ សិលា