ព័ត៌មានទាន់ហេតុការណ៍៖

ឯកអគ្គរដ្ឋទូតចិនចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីប្រសិទ្ធនាមឈ្មោះផ្លូវ មហាវិថី ស៊ី ជីនពីង ដែលគ្រោងសម្ពោធផ្លូវការនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ ២០២៤ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួង សាធារណការ និងដឹកជញ្ជូន  និង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Wang Wenbin បានអញ្ជើញចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីប្រសិទ្ធនាមឈ្មោះផ្លូវ មហាវិថី ស៊ី ជីនពីង ដោយមានការចូលរួមពីក្រុមហ៊ុនសំណង់សៀងហៃ ក្រុមហ៊ុនប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ាងអាន និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធក្រោមឱវាទក្រសួងមួយចំនួនផងដែរ។

ពិធីប្រសិទ្ធនាមឈ្មោះផ្លូវនេះ គ្រោងប្រព្រឹត្តទៅនៅថ្ងៃ ទី១៩ កក្កដា ២០២៤ ក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន។

ការចុះពិនិត្យក្នុងគោលបំណងដើម្បីពិនិត្យមើលទីតាំងបង្គោលផ្លាកឈ្មោះផ្លូវ “មហាវិថី ស៊ី ជីនពីង” ដែលកំពុងសាងសង់ដោយពន្លឿនការងារឱ្យបានទាន់ពេលវេលា រៀបចំសណ្តាប់ធ្នាប់នៅទីតាំងប្រារព្ធពិធីឱ្យបានរៀបរយ រៀបចំចរាចរណ៍ និង ដើម្បីពិធីសម្ពោធនេះប្រព្រឹត្តទៅដោយជោគជ័យ។ ពិធីនេះផងដែរ នឹងប្រារព្ធឡើងនៅក្នុងភូមិសាស្ត្រ ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្ថិតនៅចំណុចរង្វង់មូល ក្បែរផ្លូវជាតិលេខ៤៕

ដោយ៖ សូរិយា


ចែករំលែក៖