ខេត្តមណ្ឌលគិរី៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅវេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី១១ ខែ កក្កដា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៧៦A ស្ថិតក្នុងភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
សេចក្ដីរាយការណ៍សមត្ថកិច្ចឲ្យដឹងថា មានរថយន្ត១ គ្រឿងម៉ាក តាកូម៉ា ព័ណទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ=2AT.8479 បើកបរដោយឈ្មោះ អូន ផានិត អាយុ២៤ឆ្នាំ ធ្វើដំណើចេញពីខេត្តតាកែវ ឆ្ពោះទៅឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដើម្បីធ្វើបុណ្យសពលោកយាយ។ លុះមកដល់ចំណុចកើតហេតុដោយស្ថានភាពមេឃចុះអ័ព្ទខ្លាំងមើលមិនច្បាស់ ក៏បានរេចង្កូតទៅបុកនៅតូបលក់ឥវ៉ាន់មួយកន្លែង រួចក៏ជ្រុលទៅបុកនឹងបង្គោលខ្សែកាបហើយបានក្រឡាប់ផ្ងាជើង បណ្តាលឲ្យ នារីម្នាក់ឈ្មោះ អូន ស្រីនិច្ច អាយុ២៧ឆ្នាំ បានស្លាប់នៅនឹងកន្លែងភ្លាមៗ និងអ្នករួមដំណើរ២នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរ ពេទ្យបង្អែកខេត្តមណ្ឌលគិរី។
ជនរងគ្រោះទាំងអស់មានស្រុកកំណើតនិងទីលំនៅបច្ចុប្បន្ន ភូមិស្តៅឯម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ចំណែកសពត្រូវបានក្រុមសាច់ញាតិ ដឹកទៅធ្វើបុណ្យតាមប្រពែណីនៅឯ ស្រុកកំណើត ខេត្តតាកែវ។
ចំណែករថយន្តដែលរងការខូចខាតត្រូវបានមន្រ្តីជំនាញចរាចរណ៍យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកអូររាំង ខេត្តមណ្ឌលគិរី ៕
ដោយ៖ សូរិយា