ភ្នំពេញ៖ បុរស២នាក់បងប្អូនជិះម៉ូតូមួយគ្រឿង ជ្រុលល្បឿនទៅបុករថយន្តព្រូសមួយគ្រឿងដែលកំពុងឆ្លងផ្លូវ ពេញទំហឹង ខ្ទាតទាំងម៉ូតូនិងមនុស្ស ចូលទៅផ្លូវម្ខាងទៀតត្រូវរថយន្តកុងតឺន័រ ដែលបើកមកបញ្ច្រាសទិសដៅគ្នា បុកកិនស្លាប់ម្នាក់ និង របួសដាច់ជើងម្ខាងម្នាក់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង ៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតតាមបណ្តោយផ្លូវ ហាន់ណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តព្រូស មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BO-4340 បើកបរដោយនារីម្នាក់ បើកចេញពីផ្លូវលេខ១៩៧០ ដើម្បីឆ្លងមកផ្លូវហាន់ណូយ ខណៈកំពុងឆ្លងស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាក ហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ក្រហម ពាក់ស្លាក់លេខ 1HO-6600 បើកបរដោយ បុរស២នាក់បងប្អូនបង្កើត បានធ្វើដំណើរតាមបណ្តោយផ្លូវហាន់ណូ យក្នុង ទិសដៅពីជើងទៅត្បូង បានជ្រុលទៅបុករថយន្តព្រូសដែលកំពុងឆ្លងផ្លូវនោះ រួចខ្ទាតទាំងម៉ូតូ និងមនុស្ស ទៅផ្លូវម្ខាងទៀតចូលក្រោមកង់រថយន្តកុងតឺន័រ ពាក់ស្លាកលេខ 3E-1143 ដែលកំពុងបើកបរបញ្រ្ចាសទិសដៅគ្នា បណ្តាលឲ្យបុរសម្នាក់បានស្លាប់ និង ម្នាក់ទៀតដាច់កជើងម្ខាងត្រូវបញ្ចូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។ បន្ទាប់ពីកើតហេតុភ្លាមៗ តៃកុងរថយន្តកុងតឺន័រ រួមទាំងនារីជាអ្នកបើករថយន្តព្រូសបានរត់គេចខ្លួនចេញពីទីតាំងកើតហេតុបាត់ស្រមោល។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ជើងគោក បានចុះមកដល់ទីតាំងកើតហេតុ រួចធ្វើការវាស់វែងនិងធ្វើលិខិតប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ សុខាសែនជ័យ