ខេត្តកណ្តាល ៖ បុរសម្នាក់បានស្លាប់បន្ទាប់ពីត្រូវរថភ្លើងខ្សែដឹកទំនិញបើកបុក កាលពីម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ នៅភូមិដើមឫស្ស ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
មុនពេលកើតហេតុ ជនរងគ្រោះដើរតាមផ្លូវលំ ស្រាប់តែមានរថភ្លើងខ្សែដឹកទំនិញ ភ្នំពេញ-ក្រុងព្រះសីហនុ បើកជិតមកដល់ ជនរងគ្រោះក៏ដើរឡើងលើផ្លូវដែក បណ្តាលឱ្យបុកកិនស្លាប់តែម្តង។
យោងតាមរបាយការណ៍របស់កម្លាំងសមត្ថកិច្ចជំនាញចុះធ្វើអន្តរាគមន៍ដល់កន្លែងកើតហេតុ ពិនិត្យជនរងគ្រោះ : មានភិនភាគដូចខាងក្រោម៖
ជនរងគ្រោះជាមនុស្សប្រុស ស្លៀកខោខូវប៊យជើងវែង ពណ៌ខៀវ ពាក់អាវយឺតខ្មៅដៃវែង សក់ខ្លី កម្ពស់ ១.៧០ម សម្បុរខ្មៅស្រអែម ។ សម្ភារបន្សល់នៅកន្លែងកើតហេតុមាន៖ ទូរស័ព្ទ០១គ្រឿងម៉ាក OPPO ពណ៌ខៀវ ប្រើថាច់ កាតាបស្ពាយក្រណាត់ពណ៌ខ្មៅមួយ អង្រឹងប៉ារ៉ាមួយ កញ្ចប់បារីសេក ។ ចំណែករថភ្លើង(មិនស្គាល់ម៉ាក)មិននៅកន្លែងកើតហេតុ។ ចំពោះសាកសព សមត្ថកិច្ចកំពុងស្រាវជ្រាវរកសាច់ញាតិតាមរយៈទូរស័ព្ទ មិនទាន់កំណត់អាសយដ្ឋានជនរងគ្រោះនៅឡើយ។ តាមការសន្និដ្ឋានបឋម: ករណីខាងលើនេះអាចបណ្តាលមកពីជនរងគ្រោះស្រវឹង ហើយដេកលើផ្លូវដែក ទើបបណ្តាលអោយរថភ្លើងកិនស្លាប់ ៕
ដោយ៖ ជ្រោយពេជ្រ