ខេត្តកំពង់ធំ ៖ លោក វង្សី វិស្សុត សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមុិញ បានអញ្ជើញជាអធិបតីក្នុងពិធីផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ដោយមានការចូលរួមពីសំណាក់ លោក សោម សឿន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការកណ្តាល, លោក ថោង ខុន, លោក ស្វាយ ស៊ីថា, លោក នាង ផាត និងលោកអ្នកឧកញ៉ា ទ្រី ភាព ព្រមទាំង លោក លោកស្រី ជាសមាជិកសមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ថ្នាក់ដឹកនាំគណបក្សខេត្ត ក្រុង ស្រុក យុវជន និងសកម្មជនគណបក្សជាច្រើនរូប។
ក្នុងឱកាសនោះដែរ លោក វង្សី វិស្សុត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្ស ជូនចំពោះសមាជិក-សមាជិកានៃគណបក្សប្រជាជនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋទូទៅ ក្នុងខេត្តកំពង់ធំ ក៏ដូចជាការវាយតម្លៃខ្ពស់របស់សម្តេចតេជោ និង សម្តេចធិបតី ជូនចំពោះក្រុមការងារ និងមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់នៃខេត្តកំពង់ធំ ដែលកន្លងមកបានខិតខំយកអស់កំលាងកាយចិត្ត និងធនធានផ្ទាល់ខ្លួន ដោយសម្រេចបាននូវសមិទ្ធផលការងារជាច្រើនជូនប្រជាជន និងគណបក្ស ជាពិសេសការសម្រេចបានជោគជ័យដ៏ធំធេងលើសពីការរំពឹងទុក នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ កាលពីពេលថ្មីៗនេះ។
លោក វង្សី វិស្សុត បានមានប្រសាសន៍លើកឡើងថា ការផ្លាស់ប្តូរមុខតំណែងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ នាពេលនេះ គឺជារឿងធម្មតា និងគ្មានអ្វីចម្លែកទេ។ លោក វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះ លោក ងួន រតនៈ អតីតប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ដែលកន្លងមកបានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម និងបានយកអស់នូវកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ក្នុងការដឹកនាំការងារគណបក្ស ដោយសម្រេចបាននូវស្នាដៃការងារជាច្រើនជូនប្រជាជន និងគណបក្ស។ ទន្ទឹមនេះ លោក វង្សី វិស្សុត ក៏បានអបរអរសារទរចំពោះលោក នួន ផារ័ត្ន ដែលទើបទទួលបានការតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ថ្មី ហើយលោកមានជំនឿយ៉ាងមុតមាំថា លោក នួន ផារ័ត្ន ដែលជាជួរយុវជនឆ្នើម និងមានសមត្ថភាពខ្ពស់មួយរូប ពិតជានឹងអាចផ្តល់នូវជវភាពថ្មីន្ថែមទៀតដល់ការងារពង្រឹងគណបក្សនៅក្នុងខេត្តកំពង់ធំ ក៏ដូចជាការងារអភិវឌ្ឍខេត្ត ការលើកកម្ពស់ជីវភាពប្រជាជន និងការដោះស្រាយបញ្ហាសង្គមនានា ស្របតាមការរំពឹងទុករបស់ថ្នាក់ដឹកនាំ។
លោក វង្សី វិស្សុត មានប្រសាសន៍ផ្តាំផ្ញើដល់ក្រុមការងារគណបក្សមកពីថ្នាក់កណ្តាល និងមន្រ្តីគណបក្សមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវរួមកម្លាំងគ្នា សំដៅធ្វើឱ្យយន្តការទាំងពីរនេះ ក្លាយទៅជាតួអង្គតែមួយ និងជាកម្លាំងសរុប ដែលមានសាមគ្គីភាពផ្ទៃក្នុងរឹងមាំ ហើយរួមគ្នាធ្វើការក្នុងគោលដៅតែមួយ និងលើផ្លូវតែមួយ សំដៅសម្រេចចក្ខុវិស័យក្នុងការកែប្រែកំពង់ធំ ដែលខេត្តមានលក្ខណៈភូមិសាស្រ្តយុទ្ធសាស្រ្ត, មានផ្ទៃដីធំលំដាប់ទី២ និងមានចំនួនប្រជាជនច្រើនលំដាប់ទី១១ ឱ្យក្លាយទៅជាមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជាក្នុងរយៈពេលវែង និងអាចជះឥទ្ធិពលដល់បណ្តាខេត្តជុំវិញក្នុងការជួយធ្វើឱ្យគណបក្សទទួលបានជោគជ័យជារៀងរហូត។ លោក វង្សី វិស្សុត បានបន្តថា យើងទាំងអស់គ្នាចាំបាច់ត្រូវខិតខំប្រឹងប្រែងត្រៀមរៀបចំនិងដាក់ចេញនូវយុទ្ធសាស្រ្ត និងផែនការសកម្មភាពពីចម្ងាយ ឱ្យបានល្អ និងឱ្យត្រូវ តាមស្ថានភាពជាក់ស្តែង ជាពិសេសការត្រៀមសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០២៨ ខាងមុខ។
លោក វង្សី វិស្សុត បានបន្តមានប្រសាសន៍ថា ដើម្បីអាចសម្រេចបាននូវចក្ខុវិស័យខាងលើនេះ យើងចាំបាច់ត្រូវផ្តោតលើការដ្ឋានចំនួន ៣ គឺ៖
ទី១.ការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈការបង្កើតការងារ, ការបង្កើនប្រាក់ចំណូល និងការលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ព្រមទាំងការដោះស្រាយបញ្ហាសង្គម និងសមធម៌សង្គម ។
ទី២.ការពង្រីក និងពង្រឹងកម្លាំងគណបក្សគ្រប់លំដាប់ថ្នាក់ ។
និង ទី៣.ការទប់ស្កាត់និងឆ្លើយតបរាល់ឧបាយកលទុច្ចរិតនានា និងការបង្កើនភាពកក់ក្កៅ និងស្វាគមន៍បងប្អូនដែលជាអតីតសមាជិកគណបក្សដដៃ ឬចាញ់បោកការឃោសនាអូសទាញរបស់គណបក្សនិងអ្នកនយោបាយបោកប្រាស់មួយចំនួន ហើយមានបំណងមករួមរស់ជាមួយនឹងគណបក្សយើង។ ឯកឧត្តមបានបន្តថា ដើម្បីធានាឱ្យការអនុវត្តការងារតាមការដ្ឋានទាំង ៣ ខាងលើ ឱ្យទទួលបានជោគជ័យ យើងចាំបាច់ត្រូវអនុវត្តតាមអភិក្រម ៣ យ៉ាង គឺ៖
១. បញ្ជ្រាបទឹក សំដៅបញ្ជ្រាបទស្សនៈ, របៀបរបបការងារ, សកម្មភាពជាក់ស្តែង និងធនធាន ទាំងធនធានមនុស្ស និងធនធានថវិកា ។
២.បន្សើមដី សំដៅបង្កើនភាពកក់ក្តៅ និងភាពជឿជាក់មកលើការដឹកនាំ និងកសាងប្រព័ន្ធអេកូឡូស៊ីសម្រាប់ទាក់ទាញការគាំទ្រ។
និង ៣.បណ្តុះដើមឈើ សំដៅបណ្តុះ ពង្រឹង និងពង្រីកកម្លាំងយុវជនសម្រាប់បន្តវេន ដែលជាយុទ្ធសាស្រ្តយូរអង្វែងរបស់គណបក្ស។
នៅក្នុងឱកាសនោះដែរ លោក វង្សី វិស្សុត បានបន្តថា កន្លងមក ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការលើកកម្ពស់ជីវភាពប្រជាជនក្នុងខេត្តកំពង់ធំ, ក្រុមការងារគណបក្សបានបង្កើតក្រុមការងារតាមវិស័យមួយចំនួន ដូចជាក្រុមការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ, ក្រុមការងាររៀបចំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច, ក្រុមការងារលើកកម្ពស់ជីវភាពប្រជាជន និងក្រុមការងារអន្តរាគមន៍ពិសេសសម្រាប់ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច។ បច្ចុប្បន្នក្រុមការងារតាមវិស័យខាងលើនេះ កំពុងអនុវត្តតាមមុខងារភារកិច្ចរបស់ខ្លួន ពិសេសការរៀបចំផែនការអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធរបស់ខេត្តកំពង់ធំទាំងមូល ដោយផ្តល់អាទិភាពលើ ផ្លូវ ស្ពាន ប្រឡាយទឹក ទំនប់ទឹក អគ្គិសនី និងទឹកស្អាត, ការរៀបចំផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ ការអភិវឌ្ឍទីក្រុង និងការរៀបចំជំរុញអភិវឌ្ឍន៍វិស័យកសិកម្ម និងកសិឧ្សាហកម្ម ពិសេសដំណាំស្វាយចន្ទី ដែលនឹងមានសក្កានុពលខ្ពស់នាពេលខាងមុខ ដោយគិតគូរទៅដល់កត្តានៃការប្រែប្រួលអាកាសធាតុ និងទីផ្សារ។ ដោយឡែក ក្នុងការចូលរួមដោះស្រាយបញ្ហាទំនាស់សង្គមវិញ ក្រុមការងារក៏បានរៀបចំក្រុមមេធាវីតាមក្រុងស្រុកទាំង៩ ដើម្បីជួយការពារក្តី និងផ្តល់ការប្រឹក្សាផ្នែកច្បាប់ជូនដល់ប្រជាជន ព្រោះខេត្តកំពង់ធំក៏មាននៅបញ្ហាទំនាស់ដីធ្លី និងទំនាស់សង្គមមួយចំនួនផងដែរ។
លោក វង្សី វិស្សុត ក៏បានផ្តល់នូវគោលការណ៍ណែនាំមួយចំនួន ពាក់ព័ន្ធការពង្រឹងអង្គការចាត់តាំងរបស់គណបក្ស និងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានរបស់គណបក្ស ជាពិសេសអំពីតម្រូវការសាងសង់ទីស្នាក់ការគណបក្សខេត្តថ្មី ដើម្បីជំនួសទីស្នាក់ការគណបក្សចាស់ ដែលបច្ចុប្បន្នមានសភាពតូចចង្អៀត និងមិនអាចឆ្លើយតបបានទៅនឹងការងារគណបក្ស និងកសាងទីស្នាក់ការគណបក្សឃុំសង្កាត់ទាំង ដែលពុំទាន់មានទីស្នាក់ការនៅឡើយ រួមទាំងការស្វែងទីតាំងដីសម្រាប់សាងសង់ផងដែរ។ ឯកឧត្តមក៏បានផ្តល់ការណែនាំឱ្យបន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់ដល់ការងារកសាងសមាជិកគណបក្សបន្ថែម ទន្ទឹមគ្នានឹងការពង្រឹងគុណភាពសមាជិកបក្ស និងការត្រៀមកម្លាំងយុវជនសម្រាប់ការបន្តវេនកម្លាំងយុវជនសម្រាប់បន្តវេន និងការសម្របសម្រួលការងារក្រុមយុវជន។ ឯកឧត្តម វង្សី វិស្សុត ក៏បានបន្តក្រើនរំលឹកដល់មន្រ្តីគណបក្សឱ្យខិតខំផ្តល់សេវាសាធារណៈជូនប្រជាជនប្រកបដោយគុណភាព និងប្រសិទ្ធភាព និងត្រូវបន្តទប់ស្កាត់បទល្មើសធនធានធម្មជាតិ ពិសេសតំបន់ទន្លេសាប ព្រមទាំងត្រូវបន្តជំរុញការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ជាពិសេសល្បែងស៊ីសងខុសច្បាប់ ការប្រើប្រាស់និងការជួញដូរគ្រឿងញៀនខុសច្បាប់ និងសកម្មភាពក្មេងទំនើង ៕
ដោយ ៖ សិលា