ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធម្មការនិងសាសនាថា មិនមានការបិទការដង្ហែទីងមោងសម្រាប់រៃអង្គាសបច្ច័យនៅក្នុងរដូវកាលបុណ្យចូលព្រះវស្សាឡើយ

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមការងារអ្នកនាំពាក្យក្រសួងធម្មការនិងសាសនា សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា កន្លងមកមានសារព័ត៌មាននិងបណ្តាញសង្គមមួយចំនួនបានចុះផ្សាយថា ការដង្ហែទីងមោងសម្រាប់រៃអង្គាស បច្ច័យនៅក្នុងរដូវកាលបុណ្យចូលព្រះវស្សាត្រូវបានហាមឃាត់មិនឱ្យធ្វើទៀតឡើយ។

ក្រុមការងារអ្នកនាំពាក្យក្រសួងធម្មការនិងសាសនា សូមបដិសេធព័ត៌មាននេះ និងសូមបញ្ជាក់ជូន សាធារណជនមេត្តាជ្រាបថា គ្មានការហាមប្រាមការដង្ហែទីងមោង ដែលជាប្រពៃណីរបស់ប្រជាជនឬពុទ្ធសាសនិក កម្ពុជាដូចការចុះផ្សាយនោះទេ។ ការដង្ហែទីងមោងត្រូវធ្វើឱ្យមានសណ្តាប់ធ្នាប់និងរបៀបរៀបរយ ពោលគឺ ការរចនាទីងមោងត្រូវធ្វើតាមរចនាប័ទ្ឋខ្មែរ ដើម្បីរក្សាគុណតម្លៃសិល្បៈវប្បធម៌របស់ខ្មែរយើង ព្រោះថា នៅតាម តំបន់ឬនិគមមួយចំនួន ការរចនារូបទីងមោងបានប្រាសចាកពីទម្រង់និងរចនាប័ទ្ធរបស់ខ្មែរ ដោយអ្នកខ្លះរចនា ជារូបក្មេងទំនើង រូបមនុស្សកាន់កំប៉ុងស្រាបៀរ រូបអាសអាភាស ឬប្រើប្រាស់ឧបករណ៍ភ្លេងមិនសមស្រប ជាដើម។ មិនតែប៉ុណ្ណោះ នៅតាមតំបន់មួយចំនួនទៀត គេបានប្រែក្លាយការដង្ហែទីងមោង ទៅជាចាក់ធុងបាស់ ទៅវិញ។

ដោយមានការយល់ច្រឡំនិងទទួលព័ត៌មានមិនច្បាស់លាស់ សារព័ត៌មានឬបណ្តាញសង្គមមួយចំនួន បានយករឿងនេះទៅផ្សព្វផ្សាយ ដោយប្រាសចាកពីខ្លឹមសារដើម ដែលធ្វើឱ្យសាធារណមតិមួយចំនួនមានការ យល់ច្រឡំ។

អាស្រ័យហេតុនេះ សូមសាធារណជនជ្រាបជាព័ត៌មាន៕

ដោយ ៖ សិលា


ចែករំលែក៖