ព័ត៌មានទាន់ហេតុការណ៍៖

FBI : ករណីបាញ់ប្រហារលើលោក ដូណាល់ ត្រាំ នៅរដ្ឋ ​Pennsylvania គឺជាការប៉ុនប៉ងធ្វើឃាតលើរូបលោក

ចែករំលែក៖

សារព័ត៌មាន CNA នាថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០២៤ នាចុងសប្តាហ៍នេះបានផ្សាយថា អតីតប្រធានាធីបតីអាមេរិក លោក ដូណាល់ ត្រាំ បានរងរបួសចំស្លឹកត្រចៀក ក្នុងករណីបាញ់ប្រហារមួយអំឡុងពិធីជួបជុំក្រុមអ្នកគាំទ្ររបស់លោក នៅរដ្ឋ Pennsylvania ខណៈដែលទីភ្នាក់ងារស៉ើបអង្កេតសហព័ន្ធ FBI បានទទួលស្គាល់ជាផ្លូវការថា វាគឺជាការប៉ុនប៉ងធ្វើឃាតលើរូបលោក។

ទីភ្នាក់ងារ FBI បានបញ្ជាក់ជាផ្លូវការ ក្នុងសន្និសីទសារព័ត៌មានមួយថា ហេតុការណ៍បាញ់ប្រហារលើលោក ដូណាល់ ត្រាំ គឺជាអ្វីដែល FBI ហៅថា ការប៉ុនប៉ងធ្វើឃាតលើអតីតប្រធានាធីបតីអាមេរិករូបនេះ។ ស្របពេលដែល លោក ត្រាំ បានរួចផុតពីគ្រោះថ្នាក់ ដោយមិនមានរងរបួសធ្ងន់ធ្ងរ ខ្មាន់កាំភ្លើងបានស្លាប់ ហើយអ្នកចូលរួមកម្មវិធីម្នាក់ក៏បានស្លាប់ផងដែរ ខណៈ២នាក់ទៀតបានរងរបួស។ អាជ្ញាធរអាមេរិកបាននិយាយថា ពួកគេកំណត់អត្តសញ្ញាណខ្មាន់កាំភ្លើងបានហើយ ប៉ុន្តែមិនទាន់ត្រៀមរួចរាល់ដើម្បីប្រកាសជាសាធារណៈនៅឡើយទេ។ ទន្ទឹមគ្នានេះ ពួកគេ​ក៏មិនទាន់កំណត់បានចេតនានៅពីក្រោយការប៉ុនប៉ងធ្វើឃាតលោក ត្រាំ នេះដែរ។

បើតាមសារព័ត៌មានអាមេរិក New York Post ខ្មាន់កាំភ្លើងដែលធ្វើសកម្មភាពប៉ងធ្វើឃាតអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ត្រូវបានកំណត់អត្តសញ្ញាណថា មានឈ្មោះ Thomas Matthew Crooks អាយុ២០ឆ្នាំ។ បុរសរូបនោះបានធ្វើសកម្មភាពបាញ់ប្រហារចេញពីលើដំបូលរោងចក្រមួយមានចម្ងាយត្រឹមតែជាង១០០ម៉ែត្រប៉ុណ្ណោះពីវេទិកាដែលលោក ត្រាំ ឈរថ្លែងសារ។ ខ្មាន់កាំភ្លើងមិនស្ថិតក្នុងចំណោមអ្នកចូលរួមកម្មវិធីជួបជុំក្រុមអ្នកគាំទ្ររបស់លោក ត្រាំ ដែលប្រព្រឹត្តទៅនៅឯទីក្រុង Butler នៃរដ្ឋ Pennsylvania នោះទេ ហើយរូបគេត្រូវបានក្រុមអ្នកបាញ់កាំភ្លើងស៉ីបនៃកងអង្គរក្សសម្ងាត់ Secret Service ដែលការពារសុវត្ថិភាព សម្រាប់កម្មវិធីរបស់លោក ត្រាំ បាញ់សម្លាប់ភ្លាមៗ។ កាំភ្លើងវែងមួយដើមប្រភេទ AR-style ត្រូវបានរកឃើញ នៅកន្លែងធ្វើសកម្មភាពរបស់ខ្មាន់កាំភ្លើង៕

ដោយ៖ ធីរីណា


ចែករំលែក៖