ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តលឿនហួសកំណត់ ហើយសង្ស័យងោកមួយភាំងផងនោះបានរេចង្កូតទៅបុកក្បាលនាគពុះចែកផ្លូវបណ្តាលអោយរថយន្តដាច់កាឡេកង់អូសជាង២០ម៉ែត្រ ទើបទៅមុខលែងរួច ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០១និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៤ នៅត្រង់ចំណុចទល់មុខវិទ្យាល័យជាសុីម សាមគ្គី ស្ថិតនៅតាមបណ្តោយផ្លូវ លេខ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ៏យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីពលរដ្ឋក្បែរកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា បុរសម្នាក់មានវ័យជាង៣០ឆ្នាំបានបើកបររថយន្តមួយគ្រឿងម៉ាកតូយូ៉តាព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BO-2510 ដោយល្បឿនលឿន ក្នុងទិសដៅពីលិចទៅកើត ។
ប្រភពដែលបន្តទៀតថា ខណៈរថយន្តមកដល់ចំណុចកើតហេតុ សង្ស័យបុរសខាងលើងងុយដេក ងោកមួយភាំងទើប រថយន្តរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលអោយបាក់ចំនួន០១កង់ និងខ្ទាតចេញពីជួរចំនួន០១កង់ ។ ចំណែករថយន្តបានដាច់កាឡេកង់ខាងឆ្វេងអូសជាង២០ម៉ែត្រ ទើបរថយន្តអស់ល្បឿនទៅមុខលែងរួច ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ទីតាំងខាងលើនិងបានបន្តទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ដើម្បីមកវាស់វែងស្ទូចយករថយន្តទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ ៕
ដោយ៖ សុខាសែនជ័យ