ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពលួចម៉ូតូកម្មករដល់ក្នុងរោងចក្របានសម្រេច និងគេចខ្លួនបានរយៈពេល០៣ថ្ងៃ ត្រូវនគរបាលខណ្ឌដង្កោ តាមចាប់ខ្លួនហើយយបង្ហាញមុខជាសាធារណៈទើបបញ្ជូនទៅតុលាការដេីម្បីចាត់ការតាមច្បាប់ ។ នេះបេីយោងតាមរបាយការណ៍របស់មន្ត្រីជំនាញនគរបាលខណ្ឌដង្កោ ដែលក្រុមការងារកាសែតនគរវត្ត និងនគរដ្រេហ្កនទទួលបាននាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ តូច សាវ៉េត ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិគោកមាស សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ កាន ប៉ុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចំបក់ត្រប់ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (ជនសង្ស័យគ្មានសារធាតុញៀន) ។
សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ សេ៊រីឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ1JE-8574 មានលេខតួ និងលេខម៉ាស៊ីន6173570ចំនួន០១គ្រឿង ។ វត្ថុតាងចាប់យក៖ ១-ម៉ូតូម៉ាកហុងដាគុបមូល ពណ៌ស្វាយ គ្មានផ្លាកលេខ (ម៉ូតូចាស់) ២-ទូរស័ព្ទដៃម៉ាកOppo ពណ៌ខ្មៅចំនួន០១គ្រឿង ។
គួរបញ្ជាក់ថា ៖ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង០៦និង៣០នាទី ជនរងគ្រោះឈ្មោះ តូច សាវ៉េត ភេទប្រុស អាយុ៣៧ឆ្នាំ បានជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ សេ៊រីឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ1JE-8574 ចេញពីផ្ទះ ស្ថិតនៅភូមិគោកមាស សង្កាត់ប្រទះឡាង ខណ្ឌកំបូល ទៅធ្វើការនៅរោងចក្រស៊ីកូ ស្ថិតនៅភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ ។ ពេលទៅដល់ជនរងគ្រោះបានទុកម៉ូតូនៅកន្លែងផ្ញើម៉ូតូក្នុងរោងចក្រ ដោយពុំបានចាក់សោកម៉ូតូទេ រួចជនរងគ្រោះក៏បានចូលធ្វើការដូចសព្វដង ។ រហូតដល់វេលាម៉ោង១១និង០០នាទី ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានសម្រាកពីការងារដើរទៅយកបាយនៅកន្លែងដាក់ម៉ូតូដើម្បីយកទៅហូបនៅរោងសម្រាប់កម្មករហូបបាយក្នុងរោងចក្រខាងលើ ។ ពេលហូបបាយរួច ជនរងគ្រោះបានយកកាតូបាយដើរត្រឡប់មកទុកនៅកន្លែងទុកម៉ូតូវិញ ស្រាប់តែបាត់ម៉ូតូម៉ាកខាងលើ រួចជនរងគ្រោះក៏បានសុំឆែកកាមេរ៉ាសុវត្ថិភាពនៅក្នុងរោងចក្រ បានឃើញជនសង្ស័យមិនស្គាល់អត្តសញ្ញាណបន្លំធ្វើជាកម្មករចូលធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះបណ្តើរចេញពីក្នុងរោងចក្រនៅវេលាម៉ោង១១និង១២នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ រួចជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹកតាមនីតិវិធីច្បាប់។
លុះដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១០និង៣០នាទី សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យដែលជាអ្នកធ្វើសកម្មភាពខាងលើ ឈ្មោះ កាន ប៉ុង ភេទប្រុស អាយុ១៨ឆ្នាំ រួមនឹងវត្ថុតាង នៅត្រង់ចំណុចខាងមុខផ្ទះជួលជុលម៉ូតូ ផ្លូវជាតិលេខ៣ ស្ថិតនៅភូមិស្រែញ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹកតាមនីតិវិធីច្បាប់ ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះប្រាកដមែន ហើយម៉ូតូដែលលួចបាននោះ រូបគេ (ជនសង្ស័យ) យកទៅលក់ឱ្យអ្នកទិញមិនស្គាល់ឈ្មោះ ភេទប្រុស អាយុ៤២ឆ្នាំ (អ្នកចាំទិញម៉ូតូតាមផ្លូវ) នៅម្តុំភ្លើងស្តុបកោសដូង ស្ថិតនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានលុយចំនួន៤០០ដុល្លារ (បួនរយដុល្លារអាមេរិក) ។ បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យ ហើយមានការសម្របសម្រួលពីលោក វង្ស សា
វ៉ាត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង ៕ ដោយ ៖ ភារ៉ា ដង្កោ