ខេត្តសៀមរាប ៖ ទិដ្ឋភាពភ្ញៀវទេសចរចូលមកទស្សនាប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។នេះបេីយោង តាមប្រភពព័ត៍មានពី អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
សូមរម្លឹកថា ៖ នៅពេលគេនឹកឃើញដល់ខេត្តសៀមរាប គេតែងតែនឹងឃើញដល់ភាពល្បីល្បាញរបស់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ដែលជាអច្ឆរិយសំណង់ដ៏អស្ចារ្យមួយនៅលើពិភពលោកដែលបុព្វបុរសខ្មែរបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ។ មិនថាភ្ញៀវទេសចរជាតិ ឬអន្តរជាតិនោះទេ ពេលធ្វើដំណើរកម្សាន្តទៅកាន់ខេត្តសៀមរាប គោលបំណងធំបំផុតរបស់ពួកគេ គឺចង់ទស្សនាប្រាសាទអង្គរវត្ត ដែលត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅអង្គការយូណេស្កូកាលពីឆ្នាំ១៩៩២។
តើវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប គួរតែពឹងផ្អែកលើប្រាសាទអង្គរតែមួយមុខ ឬត្រូវអភិវឌ្ឍន៍តំបន់កេអូទេសចរណ៍បន្ថែម? ពាក់ព័ន្ធនឹងបញ្ហានេះអ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ច និងទេសចរណ៍យល់ឃើញថា ជាទស្សនៈវែងឆ្ងាយខេត្តសៀមរាបគួរតែបង្កើតតំបន់ទេសចរណ៍ថ្មីៗបន្ថែមអមជាមួយតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រអង្គរបើសិនចង់ទាក់ទាញភ្ញៀវទេសចរឱ្យបានច្រើន និងមកកម្សាន្តបានច្រើនថ្ងៃ។
អ្នកសេដ្ឋកិច្ចជាន់ខ្ពស់របស់ធនាគារពិភពលោកប្រចាំនៅកម្ពុជា ទទួលស្គាល់ថា អង្គរវត្តជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដ៏ល្អឯកគ្មានពីររបស់ខេត្តសៀមរាប ក៏ដូចជាសម្រាប់ប្រទេសកម្ពុជាទាំងមូល។ ភ្ញៀវទេសចរបរទេសភាគច្រើនស្គាល់ខេត្តសៀមរាប និងប្រទេសកម្ពុជាតាមរយៈតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រមួយនេះ។ តែយ៉ាងណា លោក លី សុដេត អ្នកជំនាញរូបនេះយល់ឃើញថា ការមានតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រអង្គរតែមួយមុខ វាទំនងជាមិនអាចបំពេញតម្រូវការរបស់ភ្ញៀវទេសចរអន្តរជាតិគ្រប់គ្រាន់នោះឡើយ ហើយលោកបានចោទជាសំណួរថា តើក្នុងរយៈពេលពី៥ទៅ១០ឆ្នាំខាងមុខ ភ្ញៀវទេសចរបរទេសនឹងនៅតែចង់ទស្សនាប្រាសាទអង្គរទៀតដែរ ឬទេ? យ៉ាងណាមិញអ្នកសេដ្ឋកិច្ចជាន់ខ្ពស់រូបនេះ ស្នើឱ្យក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ ជាពិសេសរដ្ឋបាលខេត្តសៀមរាប គួរតែបង្កើតតំបន់ទេសចរណ៍ថ្មីៗបន្ថែម ជាពិសេសតំបន់អេកូទេសចរណ៍បែបធម្មជាតិ និងនៅតាមបឹងទន្លេសាប ដើម្បីបង្កើនរសជាតិទេសចរណ៍បន្ថែមសម្រាប់ភ្ញៀវទេសចរបរទេស ៕
ដោយ ៖ ស តារា