ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តព្រះវិហារ ៖ ផ្ទះនិងផ្លូវមួយចំនួនតាមបណ្តាស្រុកត្រូវលិចលង់ដោយសារភ្លៀងធ្លាក់ខ្លាំងបន្តបន្ទាប់ច្រើនថ្ងៃ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ ផ្ទះនិងផ្លូវមួយចំនួនតាមបណ្តាស្រុកត្រូវជន់លិចដោយសារមានភ្លៀងធ្លាក់ខ្លាំងបន្តបន្ទាប់គ្នាច្រើនថ្ងៃគ្រប់ទិសទីក្នុងខេត្តព្រះវិហារ។

ដូចជាក្រុងព្រះវិហារ និងស្រុកឆែប ប៉ុន្តែអាជ្ញាធរអាចគ្រប់គ្រងស្ថានការណ៍បាននៅឡើយ នេះបើគិតត្រឹមរសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ។

លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ បានឱ្យដឹងថា នាប៉ុន្មានថ្ងៃនេះខេត្តព្រះវិហារទាំងមូលមានភ្លៀងធ្លាក់ជាប់ៗគ្នា បណ្ដាលឱ្យលិចផ្លូវ និងផ្ទះសម្បែងពលរដ្ឋមួយចំនួនដូចជានៅក្នុងក្រុងព្រះវិហារ និងឃុំកំពង់ស្រឡៅ១.ឃុំសង្កែ១ និងឃុំសង្កែ២ នៃស្រុកឆែប។

លោកបន្តថា ទោះជាយ៉ាងនេះក្តី​ អាជ្ញាធរមានវិធានការទប់ស្កាត់ កុំឱ្យមានការប៉ះពាល់ដល់ការរស់នៅនិងអាយុជីវិតរបស់ពលរដ្ឋ ដោយអាចនឹងបើកទ្វារទឹកទំនប់រក្សា និងជូនដំណឹងទៅអាជ្ញាធរខេត្តកំពង់ធំ ឱ្យត្រៀមការពារផងដែរ។ 

លោកបញ្ជាក់ថា បច្ចុប្បន្ននៅក្នុងខេត្តព្រះវិហារទាំងមូលមិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយទេ ហើយក៏មិនទាន់មានពលរដ្ឋណាម្នាក់មានបញ្ហាដោយសារជំនន់ទឹកភ្លៀងនេះដែរ។

សរុបគិតជាមធ្យមប្រចាំថ្ងៃ ទទួលបានទឹកភ្លៀងកម្រិត ៨៤,៤៤ មម។  

ដោយឡែកបរិមាណទឹកភ្លៀងដោយបូកយោងតាំងពីដើមរដូវ រហូតមកដល់ត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២៤ នៅទូទាំងខេត្តព្រះវិហារ ទទួលបានទឹកភ្លៀងសរុបគិតជាមធ្យម ៦៦៣,៧៤ មម។

ក្នុងខណៈនោះដែរមន្ទីរធនធានទឹក​ និងឧតុនិយមខេត្តព្រះវិហារ​ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់​ និងប្រុងប្រយ័ត្នខ្ពស់ ខណ:ថ្ងៃទី១៥​ ដល់ថ្ងៃទី១៨​ ខែកក្កដានេះ​ ស្ថានភាពអាកាសធាតុ​ ក្នុងខេត្តព្រះវិហារ​ នឹងមានខ្យល់បោកបក់ខ្លាំង​ និងមានផ្គររន្ទះពីតិចទៅច្រេីន​លេីស កម្រិតធម្មតា។

ហើយក្នុងរយៈពេលមួយថ្ងៃពេញនៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៤ក៏មានភ្លៀងធ្លាក់នៅតាមបណ្ដារក្រុង-ស្រុក ទាំង៨ នៃខេត្តព្រះវិហារ រួមមាន៖

– ក្រុងព្រះវិហារ ៧៩ មម

– ស្រុកត្បែង មានជ័យ ១៣២,៦ មម(អាចមានជំនន់ទឹកភ្លៀង)

– ស្រុកគូលែន ២៩ មម

– ស្រុកជាំក្សាន្ត ១២៧,៥ មម(អាចមានជំនន់ទឹកភ្លៀង)

– ស្រុកឆែប ១២០ មម(អាចមានជំនន់ទឹកភ្លៀង)

– ស្រុកជ័យសែន ៤០  មម

– ស្រុករវៀង ៦១,២  មម 

– ស្រុកសង្គមថ្មី  ៨៦,២  មម

ជាលទ្ធផលប្រចាំថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០២៤(២៤ម៉ោង) សរុបគិតជាមធ្យម ប្រចាំថ្ងៃទទួលបានទឹកភ្លៀងកំរិត ៨៤,៤៤ មម ។ 

បរិមាណទឹកភ្លៀងដោយបូកយោងតាំងពីដើមរដូវ រហូតមកដល់ត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២៤ នៅទូទាំងខេត្តព្រះវិហារទទួលបានទឹកភ្លៀងសរុបគិតជា មធ្យម ៦៦៣,៧៤ មម ៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖