ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញបញ្ចុះបឋមសិលាសាងសង់សមិទ្ធផល អ.វ.ត.ក.

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាសាងសង់ បន្ទប់ពិគ្រោះយោបល់សម្រាប់ជនរងគ្រោះ សាលតាំងពិព័រណ៍អចិន្ត្រៃយ៍ ស្តីពីដំណើរការជំនុំជម្រះក្តី និងឧទ្យានសម្រាប់ការចងចាំ។

សូមអានប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី មានដូចខាងក្រោម៖

-សម្ដេចធិបតី ថ្លែងកោតសរសើរ និងអរគុណដល់ អ.វ.ត.ក. ដែលបានលើកកម្ពស់ការផ្សព្វផ្សាយអំពីប្រវត្តិសាស្រ្ដ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែលកម្ពុជាបានឆ្លងកាត់ដែលការផ្សព្វផ្សាយនេះ បានចូលរួមទប់ស្កាត់កុំឱ្យរបបដ៏យង់ខ្នងនេះ កើតឡើងវិញម្ដងទៀត។

-សម្ដេចធិបតី ថ្លែងថា គំរូតុលាការកូនកាត់របស់ អ.វ.ត.ក. នេះ មិនត្រឹមតែសម្រេចបានទៅតាមគោលដៅរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្កើតនូវលក្ខណៈដោយឡែក (Uniqueness) យ៉ាងហោចចំនួន៥ បើប្រៀបធៀបទៅនឹងតុលាការអន្តរជាតិផ្សេងៗទៀត ពោលគឺ៖ បានកាត់សេចក្តី និងផ្តន្ទាទោសអស់មួយជីវិតទៅលើអតីតប្រមុខរដ្ឋចំពោះឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ចាប់តាំងពីការបង្កើតអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការបង្ការអំពើប្រល័យ ពូជសាសន៍នៅឆ្នាំ១៩៤៨មក។ នេះជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ។

-សម្តេចធិបតី ថ្លែងថា អ.វ.ត.ក ជាស្ថាប័នឯករាជ្យមួយ ដោយបានយកអតីតប្រមុខរដ្ឋខ្មែរមកធ្វើការជំនុំជម្រះ និងលាតត្រដាងឲ្យពិភពលោកបានដឹងទទួលយកការសម្រេចក្តី និងធ្វើឲ្យជនរងគ្រោះក្នុងរបបខ្មែរក្រហមអស់ចិត្ត និងទទួលបានយុត្តិធម៌។

-សម្តេចធិបតី ថ្លែងថា ទោះកាលៈទេសៈណា ក៏ដោយរាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យមានការកាប់សម្លាប់រង្គាលពលរដ្ឋខ្លួន ដូចកាលសម័យរបបកម្ពុជា ប្រជាធិបតេយ្យ (របបខ្មែរក្រហម) នោះឡើយ។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់ពលខ្មែរគ្រប់រូប ត្រូវទប់ស្កាត់ នូវអំពើបែបនេះ ឲ្យខាងតែបានផងដែរ។

-សម្តេចធិបតី ថ្លែងថា ការថែរក្សាទុកនូវឯកសារពាក់ព័ន្ធប្រវត្តិសាស្រ្ត ជាកិច្ចការចាំបាច់បំផុត ដោយមិនត្រូវចាក់សោបិទទុកនោះឡើយ បើទោះបីជាទំព័រប្រវត្តិសាស្រ្តដ៏ខ្មៅងងិតរបស់ខ្មែរក្រហមត្រូវបានបិទ បញ្ចប់ក៏ដោយនោះ។

-សម្ដេចធិបតី ថ្លែងថា អ.វ.ត.ក. ក៏បានបង្កើតជាតុលាការគំរូអន្តរជាតិមួយផងដែរ ក្នុងការកាត់ទោសឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែលប្រើប្រាស់យុត្តាធិការរបស់ប្រទេសជាម្ចាស់បញ្ហា ហើយប្រើច្បាប់ចម្រុះទាំងប្រព័ន្ធ Common Law ទាំងប្រព័ន្ធ Civil Law ហើយឆ្លុះបញ្ចាំងអំពីសក្តានុភាព នៃនីតិវិធីតុលាការរបស់កម្ពុជាក្នុងការបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ សម្រេចបានយុត្តិធម៌ជូនជនរងគ្រោះ និងធានាបាននូវនិរន្តរភាពនៃសុខសន្តិភាពជូនជាតិមាតុភូមិ។

-សម្តេចធិបតី ថ្លែងថា នយោបាយឈ្នះ ឈ្នះ ដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា គឺជាមូលដ្ឋានគ្រឹះ ក្នុងកិច្ចការពារសន្តិភាព និងនាំឲ្យកម្ពុជាមានការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះ។

-សម្តេចធិបតី ថ្លែងថា ទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតនៃឧក្រិដ្ឋកម្មមនុស្សជាតិក្នុងរបប ប៉ុល ពត ត្រូវបានបិទបញ្ចប់ក៏ពិតមែន តែការរក្សាទុកឯកសារពាក់ព័ន្ធជាប្រវត្តិសាស្ត្រ ជាកិច្ចការដ៏ចាំបាច់ ពោល គឺកុំចាក់សោបិទ ទុកឱ្យដីហ៊ុយនោះឡើយ។

-សម្ដេចធិបតី ថ្លែងកោតសរសើរចំពោះការជំរុញផ្សព្វផ្សាយឯកសារប្រវត្តិសាស្រ្ដនៃរបបប្រល័យពូជសាសន៍ របស់ អ.វ.ត.ក. ក្រោយពីបានបញ្ចប់ប្រកបដោយជោគជ័យ កាលពីចុងឆ្នាំ២០២២ ពោលគឺបានចាយអស់រយៈពេល១៦ឆ្នាំ ជាមួយនឹងការគាំទ្រ និងទទួលស្គាល់ពីសហគមន៍អន្តរជាតិ ក្នុងនោះបានរក្សាទុកនូវ បណ្ណសារតុលាការ មានចំនួនសរុប ២៣៣,៨៣៦ ឯកសារ ដែលស្មើនឹងជិត ២,៤ លានទំព័រ ជាបីភាសា (ខ្មែរ អង់គ្លេស បារាំង)។

សូមជម្រាបជូនថា សមិទ្ធផលនៃ អ.វ.ត.ក. ដ៏ថ្លៃថ្លាទាំងនេះ គឺមិនអាចកាត់ផ្តាច់បានពីការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់សម្តេចតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន ដែលបានផ្តួចផ្តើមបង្កើត អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដោយមានអង្គការសហប្រជាជាតិចូលរួម ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ ក្នុងគោលដៅធានា សន្តិភាព និងការបង្រួបបង្រួមជាតិ ដែលជាផ្នែកមួយនៃក្របខ័ណ្ឌគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ។

អ.វ.ត.ក. ក៏បានបង្កើតជាតុលាការគំរូអន្តរជាតិមួយផងដែរ ក្នុងការកាត់ទោសឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែលប្រើប្រាស់យុត្តាធិការរបស់ប្រទេសជាម្ចាស់បញ្ហា ហើយប្រើច្បាប់ចម្រុះទាំងប្រព័ន្ធ Common Law ទាំងប្រព័ន្ធ Civil Law ហើយឆ្លុះបញ្ចាំងអំពីសក្តានុភាព នៃនីតិវិធីតុលាការរបស់កម្ពុជាក្នុងការបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ សម្រេចបានយុត្តិធម៌ជូនជនរងគ្រោះ និងធានាបាននូវនិរន្តរភាពនៃសុខសន្តិភាពជូនជាតិមាតុភូមិ៕ដោយ៖តារា


ចែករំលែក៖