ភ្នំពេញ ៖ នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «បញ្ចុះបឋមសិលា និងសម្ពោធសមិទ្ធផលអគារអនុវត្តមុខងារសេសសល់របស់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា» នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានស្នើឱ្យក្រុមការងាររាជរដ្ឋាភិបាលទទួលបន្ទុកដំណើរការអនុវត្តមុខងារសេសសល់ និងរដ្ឋបាលនៃអ.វ.ត.ក បន្តពិចារណឱ្យបានស៊ីជម្រៅទៅលើចំណុចចំនួន៦ ទៀតរួមមាន៖
ទី១-អំពីតួនាទី និងការទទួលខុសត្រូវស្នូលរបស់វិទ្យាស្ថាន
ទី២-អំពីឈ្មោះ និងរចនាសម្ព័ន្ធ
ទី៣-អំពីឋានៈ និងទម្រង់
ទី៤-អំពីដៃគូសហប្រតិបត្តិការ
ទី៥-អំពីការវាយតម្លៃផលប៉ះពាល់
ទី៦-អំពីតម្រូវការថវិកា
ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់សហគមន៍អន្តរជាតិដែលបានគាំទ្រទាំងផ្នែកនយោបាយ បច្ចេកទេស និងថវិកា ដែលអនុញ្ញាតឱ្យតុលាការនេះបានបញ្ចប់ទាំងស្រុងនូវដំណើរការកាត់សេចក្តីរបស់ខ្លួន ប្រកបទៅដោយភាពរលូន ជោគជ័យ និងមានការទទួលស្គាល់ជាអន្តរជាតិ។
ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ជោគជ័យរបស់តុលាការនេះត្រូវបានចាត់ទុកជាជោគជ័យរួមទាំងអស់គ្នា ដូចជា រាជរដ្ឋាភិបាល អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ជាពិសេសគឺជាជោគជ័យសម្រាប់ជនរងគ្រោះ និងមនុស្សជាតិទាំងមូល។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានកោតសរសើរ និងអរគុណដល់ អ.វ.ត.ក. ដែលបានលើកកម្ពស់ការផ្សព្វផ្សាយអំពីប្រវត្តិសាស្រ្ដ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែលកម្ពុជាបានឆ្លងកាត់ដែលការផ្សព្វផ្សាយនេះ បានចូលរួមទប់ស្កាត់កុំឱ្យរបបដ៏យង់ខ្នងនេះ កើតឡើងវិញម្ដងទៀត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គំរូតុលាការកូនកាត់របស់ អ.វ.ត.ក. នេះ មិនត្រឹមតែសម្រេចបានទៅតាមគោលដៅរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្កើតនូវលក្ខណៈដោយឡែក (Uniqueness) យ៉ាងហោចចំនួន៥ បើប្រៀបធៀបទៅនឹងតុលាការអន្តរជាតិផ្សេងៗទៀត ពោលគឺ៖ បានកាត់សេចក្តី និងផ្តន្ទាទោសអស់មួយជីវិតទៅលើអតីតប្រមុខរដ្ឋចំពោះឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ចាប់តាំងពីការបង្កើតអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការបង្ការអំពើប្រល័យ ពូជសាសន៍នៅឆ្នាំ១៩៤៨មក។ នេះជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ៕
ដោយ ៖ សិលា