ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សចំនួន ៦៥នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ ,បទល្មើសគ្រឿងញៀន និងករណីក្មេងទំនើង នៅទូទាំងប្រទេសម្សិលមិញនេះ! 

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះថា៖ កម្លាំងសមត្ថកិច្ចជំនាញនៅទូទាំងប្រទេសកម្ពុជា បានចុះស្រាវជ្រាវបង្រ្កាប និងឃាត់ខ្លួនមនុស្សចំនួន ៦៥នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ ,បទល្មើសគ្រឿងញៀន និងករណីក្មេងទំនើង កាលពីថ្ងៃទី១៥ កក្កដាម្សិលមិញ។ ក្នុងនោះមនុស្ស ៤១នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន និងមនុស្សចំនួន ២៤នាក់ ក្នុងករណីក្មេងទំនើង។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានគូសបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង ៤១នាក់នោះ មាន ២៨នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសគ្រឿងញៀន ១៥ករណី និងជនសង្ស័យ ១៣នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មេីសព្រហ្មទណ្ឌ ១១ករណី។ ចំណែកករណីក្មេងទំនើងទាំង ២៤នាក់នោះ រួមមាន៖ នៅរាជធានីភ្នំពេញ ១នាក់ ,កំពត ១៣នាក់ ,កំពង់ស្ពឺ ៥នាក់ និងកំពង់ចាម ៥នាក់។

ជាមួយគ្នានេះ លោកអ្នកនាំពាក្យ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន ក្មេងទំនើង និងបម្រើប្រជាពលរដ្ឋ។

បន្ថែមពីនេះ លោកអ្នកនាំពាក្យរូបនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមានឡេីង៕ដោយ៖តារា


ចែករំលែក៖