ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះថា ការងារជួសជុលខឿនជណ្ដើរ និងបង្កាន់ដៃនាគផ្នែកខាងលិចជាន់ផ្ទាល់ដីនៃជណ្តើរកណ្តាលនៅទិសខាងត្បូងប្រាសាទអង្គរវត្ត ដែលបានដំណើរការតាំងតែពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ មកដល់ពេលនេះ ក្រុមការងារអាជ្ញាធរជាតិអប្សរា ជួសជុលគ្រឹះខឿនស្រុត និងថ្មក្រៀកហែកបានរួចរាល់ ហើយបន្តជួសជុលខឿនទ្របង្កាន់ដៃនាគស្រទាប់ខាងលើដែលរអិលចេញពីគន្លងដើម ដើម្បីរៀបបង្កាន់នាគឱ្យត្រូវតាមទីតាំងដើម។
លោក សយ សុភារិន្ទ ភ្នាក់ងារអភិរក្សប្រាសាទអង្គរវត្ត ឱ្យដឹងថា ក្រោយពីបញ្ចប់ការជួសជុលគ្រឹះខឿន ក្រុមការងារបន្តជួសជុលខឿនបង្កាន់ដៃនាគស្រទាប់ខាងលើរអិលចេញពីគន្លងដើម ដោយត្រូវសម្អាតដីស្អុយ និងរៀបចំថ្មខឿនផ្នែកដែលងាកចេញ ហើយរៀបបង្កាន់ដៃនាគឱ្យមានលំនឹងឡើងវិញ។
លោក សុភារិន្ទ បន្តថា បង្កាន់ដៃនាគ ដែលត្រូវជួសជុលមានប្រវែង១៦ម៉ែត្រ ទាំងជើងទម្រនាគ ជើងទម្របង្កាន់ដៃនាគ និងដងខ្លួននាគរងការខូចខាតដោយអន្លើ ទាមទារឱ្យមានការជួសជុលពង្រឹង និងបន្ថែមថ្មថ្មីនៅតាមកន្លែងដែលបាត់បង់ដើម្បីធានាបាននូវភាពរឹងមាំយូរអង្វែងរាប់រយឆ្នាំតទៅមុខទៀត៕
ដោយ៖ តារា