ព័ត៌មានទាន់ហេតុការណ៍៖

បាតុកម្មក្លាយជាហិង្សា មនុស្ស ជាង១០០នាក់រងរបួស នៅបង់ក្លាដែស

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ ២០២៤ បានផ្សាយថា និស្សិតនៅទូទាំងប្រទេសបង់ក្លាដែសច្រើនជាង ១០០នាក់បានរងរបួស ក្នុងការប៉ះទង្គិចគ្នាមួយកាលពីថ្ងៃចន្ទសប្តាហ៍នេះ រវាងក្រុមអ្នកតវ៉ាទាមទារឱ្យបិទបញ្ចប់ប្រព័ន្ធកូតាការងាររដ្ឋាភិបាល នឹងក្រុមអ្នកមានភក្តីភាពជាមួយគណបក្សកាន់អំណាច។
នេះគឺជាការតវ៉ាដ៏ធំលើកដំបូងដែលនាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina ប្រឈមមុខចាប់តាំងពីឈ្នះអាណត្តិទី ៤ ជាប់ៗគ្នា នៅក្នុងការបោះឆ្នោតកាលពីខែមករា។ ការតវ៉ាបានចាប់ផ្តើមនៅដើមខែនេះ បន្ទាប់ពីតុលាការជាន់ខ្ពស់បង់ក្លាដែសបង្គាប់ដល់រដ្ឋាភិបាលឱ្យស្តារឡើងវិញប្រព័ន្ធកូតាការងារ៣០% សម្រាប់ចំនួនកូនចៅជំនាន់ក្រោយរបស់ក្រុមអ្នកតស៊ូដើម្បីសេរីភាព។ ការតវ៉ានៅតែបន្ត ទោះបីជាតុលាការផ្អាកការសម្រេចនោះហើយក្តី។
បើតាមប៉ូលិស និងសាក្សី អ្នកតវ៉ាប្រឆាំងកូតាការងាររាប់ពាន់នាក់ ជាមួយសមាជិកក្រុមនិស្សិតនៃគណបក្ស Awami League របស់លោកស្រី Hasina បានគប់ដុំថ្ម និងវាយគ្នាទៅវិញទៅមកដោយដំបង កំណាត់ដែក នៅតាមសាកលវិទ្យាល័យនានាទូទាំងប្រទេស រួមទាំងនៅក្នុងរដ្ឋធានីដាកា(Dhaka) ផងដែរ។ និស្សិតជាច្រើននាក់បានរងរបួស ខណៈក្រុមអ្នកតវ៉ាអំពាវនាវឱ្យបន្តការជួបជុំគ្នា និងដង្ហែក្បួននៅទូទាំងប្រទេស ដើម្បីបញ្ជាក់អំពីការចង់បានរបស់ពួកគេ។
ការតវ៉ាមានសកម្មភាពកាន់តែផុសផុលឡើង កាលពីយប់ថ្ងៃអាទិត្យចុងសប្តាហ៍មុន បន្ទាប់ពីលោកស្រី Hasina បដិសេធបំពេញតាមការទាមទាររបស់ក្រុមអ្នកតវ៉ា ដោយបញ្ជាក់ថា បញ្ហានេះឥឡូវគឺស្ថិតលើការសម្រេចរបស់តុលាការ៕ ដោយ៖ ធីរីណា

រូប​ថត​៖ TTXVN


ចែករំលែក៖