ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា វេលាម៉ោង៩និង ៤០នាទីព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅគោលដៅខាង ក្រោមគល់ស្ពានអាកាសស្ទឹងមានជ័យ មន្រ្តីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកសហការជាមួយមន្រ្តីជាប់កិច្ចសន្យា បានចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ហើយ ក៏មានការថតរូបភាពវីដេអូសកម្មភាព មន្រ្តីកិច្ចសន្យាបានកាក់ហៅម៉ូតូរ៉ឺម៉ក០១គ្រឿង បានដឹកម៉ូតូចំនួន០៥ គ្រឿងនៅលើរ៉ឺម៉ក និងយករូបភាពនេះបង្ហោះស៊ែចែកចាយតគ្នានៅលើបណ្តាញសង្គម និងសរសេរខ្លឹមសារថា តើមន្រ្តីជាប់កិច្ចសន្យាមានសិទ្ធឃាត់យានយន្តប្រជាពលរដ្ឋបានដែរឬទេ?។
ក្រោយមានការបង្ហោះតាមបណ្តាញព័ត៌មានសង្គមនោះភ្លាម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កោះហៅមន្រ្តីជាប់កិច្ចសន្យា និងមន្រ្តីនគរបាលចរាចរណ៍ សរុប០៤នាក់ ឈរជើងគោលដៅខាងលើឲ្យចូលមកបំភ្លឺនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។
មន្រ្តីទាំងនេះបានបំភ្លឺឲ្យដឹងថា ម៉ូតូរ៉ឺម៉កបានដឹកសំពីង សំពោង និងគ្មានបំពាក់ស្លាកលេខត្រឹមត្រូវតាមគោល ការណ៍ច្បាប់ និងបង្កឲ្យប៉ះពាល់សណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍និងល្មើសការហាមឃាត់ដោយមិនអនុញ្ញាតឲ្យម៉ូតូរ៉ឺម៉កដឹកសំពីងសំពោងចូលក្នុងក្រុងខុសពេលវេលានោះទេ ខណៈដែលម៉ូតូរ៉ឺម៉កនោះធ្វើដំណើរឆ្លងកាត់នៅគោលដៅខាងលើមន្រ្តីនគរបាលចរាចរណ៍ឈរនៅខាងមុខបានកាក់ហៅឲ្យម៉ូតូរ៉ឺម៉កនោះឈប់ ប៉ុន្តែអ្នកបើកម៉ូតូរ៉ឺម៉កបើកបរក្នុងស្ថានភាពលឿននឹងបានជ្រុលមកដល់ចំណុចឈរជើងមន្រ្តីជាប់កិច្ចសន្យា ទើបមន្រ្តីកិច្ចសន្យាកាក់ហៅឲ្យឈប់ ហើយមន្រ្តីនគរបាលចរាចរណ៍បានអប់រំណែនាំគាត់ បន្ទាប់មកបានអនុញ្ញាតឲ្យគាត់បន្តដំណើរទៅមុខ ដោយមិនបានផាកពិន័យអ្នកបើកម៉ូតូរ៉ឺម៉កនោះទេ។
គួរបញ្ជាក់ថា កាលពីកន្លងទៅនេះ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់តាមសារព័ត៌មានអំពីតួនាទីភារកិច្ចរបស់មន្រ្តីជាប់កិច្ចសន្យារួចមកហើយ ។
ទី១.គាត់មានសិទ្ធស្លៀកពាក់ឯកសណ្ឋានមន្រ្តីជាប់កិច្ចសន្យា សហការជាមួយមន្រ្តីនគរបាលចរាចរណ៍សម្រួលដោះស្រាយការកកស្ទះចរាចរណ៍
ទី២.គាត់គ្មានសិទ្ធពាក់ឯកសណ្ឋានមន្រ្តីនគរបាលចរាចរណ៍ និងប្រើប្រាស់អាវុធជាតិផ្ទុះនោះទេ
ទី៣.គ្មានសិទ្ធអង្គុយសរសេរវិក័យប័ត្រផាកពិន័យចំពោះអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ផ្លូវគោក
ទី៤.គ្មានសិទ្ធបង្កើតក្រុមរបស់ពួកគាត់ទៅលួចឈរជើងគោលដៅណាមួយដោយគ្មានការដឹកនាំបញ្ជាពីមន្រ្តីនគរបាលចរាចរណ៍
ទី៥.គាត់ជាជំនួយការរបស់មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកដឹកនាំដោយមន្រ្តី នគរបាលចរាចរណ៍
និងទី៦.គាត់មានសិទ្ធចាប់ឃាត់រាល់បទល្មើសជាក់ស្តែងនៅលើដងផ្លូវរួមទាំងបទល្មើសព្រហ្មទណ្ឌផងដែរ។
សូមបញ្ជាក់ថា អនុវត្តតាមបទបញ្ជាឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅតែបន្តពង្រឹងវិន័យចំពោះមន្រ្តីជាប់កិច្ចសន្យា និងមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក ចុះបំពេញភារកិច្ចអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បើក្នុង ករណីធ្វើសកម្មភាពល្មើសវិន័យកងកម្លាំងនគរបាលជាតិ អនុវត្តផ្ទុយពីបទបញ្ជាថ្នាក់លើ និងអនុវត្តខុសគោលការណ៍ច្បាប់បង្កប៉ះពាល់ដល់សតិអារម្មណ៍ប្រជាពលរដ្ឋនឹងត្រូវយកមកដាក់ពិន័យទៅតាមទោសកំហុសដែលបានប្រព្រឹត្ត៕
ដោយ៖ សូរិយា