សារព័ត៌មាន AFP នៅថ្ងៃទី១៧ខែកក្កដាបានផ្សាយថា ក្រុមមន្ត្រីនៅក្នុងតំបន់ហ្កាហ្សា បាននិយាយថាជនជាតិប៉ាឡេស្ទីនរាប់សិបនាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាស ៣ ដាច់ដោយឡែកពីគ្នា ខណៈអ៉ីស្រាអែលបង្កើនការវាយប្រហារ បើទោះជាមានការរិះគន់ជាថ្មីពីសហរដ្ឋអាមេរិកជុំវិញការកើនឡើងចំនួនជនស៊ីវិលស្លាប់ក៏ដោយ។អ្នកនាំពាក្យអង្គភាពការពារជនស៊ីវិលរបស់តំបន់ហ្កាហ្សា លោក Mahmud Bassal បានឱ្យដឹងថាការវាយប្រហារតាមផ្លូវអាកាស៣ដាច់ដោយឡែកពីគ្នា បានសម្លាប់មនុស្ស យ៉ាងហោច៤៤នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស ក្នុងរយៈពេលត្រឹមតែមួយម៉ោងប៉ុណ្ណោះនៅទូទាំងតំបន់ហ្កាហ្សា។ ខាងអ៉ីស្រាអែលវិញបានអះអាងថាខ្លួនបានដឹកនាំ ការវាយប្រហារតាមផ្លូវអាកាសចំនួន២។ ដោយឡែក ក្រសួងសុខាភិបាលតំបន់ហ្កាហ្សាក៏បានឱ្យដឹងដែរថាការវាយប្រហារតាមផ្លូវអាកាសមួយលើស្ថានីយប្រេងឥន្ធនៈក្នុងទីក្រុង Al-Mawasi ភាគខាងត្បូងហ្កាហ្សាបានសម្លាប់មនុស្ស១៧នាក់ ខណៈអឌ្ឍចន្ទក្រហមប៉ាឡេស្ទីនបាននិយាយថាការរវាយប្រហារដាច់ដោយឡែកមួយទៀតក្នុងពេលដំណាលគ្នា លើសាលារៀន Al-Razi របស់អង្គការសហប្រជាជាតិ នៅឯជំរំជនភៀសខ្លួន Nuseirat នៃភាគកណ្ដាលហ្កាហ្សា សម្លាប់មនុស្ស៥នាក់។
អង្គភាពការពារជនស៊ីវិលរបស់តំបន់ហ្កាហ្សា បានបន្ថែមទៀតថាការវាយប្រហារតាមផ្លូវអាកាសលើទី៣ បានធ្លាក់ចំហ្វូងមនុស្សកំពុងប្រមូលផ្ដុំគ្នានៅក្បែរផ្លូវរង្វង់មូលមួយក្នុង តំបន់ភាគខាងជើងហ្កាហ្សា។ តែមិនបានផ្ដល់ព័ត៌មានលម្អិតនោះទេ។
បើតាមអ្នកនាំពាក្យម្នាក់ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រាប់មន្ត្រីជាន់ខ្ពស់អ៉ីស្រាអែល២រូបពីការព្រួយបារម្ភជាខ្លាំងរបស់អាមេរិក ចំពោះការកើនឡើងចំនួនជនស៊ីវិលស្លាប់នៅក្នុងតំបន់ហ្កាហ្សា។ មកទល់ពេលនេះ ក្រសួងសុខាភិបាលហ្កាហ្សា បានអះអាងថាជនជាតិប៉ាឡេស្ទីន ៣៨ ៧១៣នាក់ហើយ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៉ីស្រាអែល ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣មក៕
ដោយ៖ ធីរីណា(រូបថត៖ Reuters)