ភ្នំពេញ៖ រយៈពេល៥ខែនៃដើមឆ្នាំនេះ កម្ពុបាននាំចេញបង្កងប៉ាករស់ ២,៥តោនទៅកាន់ប្រទេសចិន ខណៈកាលពីឆ្នាំ២០២៣ដែលជាឆ្នាំដំបូងនៃការនាំចេញទៅកាន់ទីផ្សារមានចំនួនមួយតោន។
កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់អ្នកកាសែតថា ជាមួយនឹងលទ្ធផលនេះ នៅឆមាសទី២ ឆ្នាំ២០២៤ រំពឹងថានឹងមានការបញ្ជាទិញពីភាគីចិនបន្ថែមជាច្រើនទៀត។ ក្រសួងកសិកម្មកំពុងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីនាំចេញបង្កងប៉ាកទៅកាន់ទីផ្សារក្រៅប្រទេសបន្ថែមទៀត។ជាពិសេសការកំណត់តម្លៃបង្កងប៉ាកឱ្យមានតម្លៃសមរម្យជាងមុន។
ដោយឡែកទាក់ទងនឹងការនាំចេញផលិតផលជលផលផ្សេងទៀត លោកឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានរំលេចថា ក្នុងរយៈពេលប្រាំខែឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញអន្ទង់ទៅទីផ្សារចិនចំនួន ០,២០តោន និងនាំចេញកំពិសបង្កកចំនួន ៣៥,៨០តោន។
របាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានបង្ហាញថា នៅដើមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាបានសម្រេចការនាំចេញផលិតផលជលផលរបស់ខ្លួនចូលទៅកាន់ទីផ្សារប្រទេសចិន បានទម្ងន់ ៣៨តោន ក្រោយពីប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា កាលពីឆ្នាំ២០២០។
ប្រភពដដែលបន្តថា កម្ពុជាបាននាំចេញផលិតផលជលផលចំនួន ៥០តោន ក្នុងឆ្នាំ២០២៣ និង ៣៨តោន កាលពីដើមឆ្នាំ២០២៤នេះ ទៅកាន់ប្រទេសចិនដែរ ។ ក្រៅពីផលិតផលជលផលទៅទីផ្សារចិន កម្ពុជាក៏បាននាំត្រីងៀតចំនួន ៣,៧តោន ទៅកាន់ប្រទេសអូស្រ្តាលីជាលើកដំបូងកាលពីដើមឆ្នាំ២០២៤នេះផងដែរ។
កម្ពុជាសម្រេចបានផលវារីវប្បកម្មសរុបទម្ងន់៣១៤ពាន់ តោន ទាំងទឹកសាប និងសមុទ្រក្នុងឆ្នាំ២០២៣ ដែលជាការរួមចំណែកកាត់បន្ថយសម្ពាធលើធនធានជលផលធម្មជាតិ កាត់បន្ថយការនាំចូល ទ្រទ្រង់ជីវភាពវារីវប្បករ និងលើកស្ទួយសេដ្ឋកិច្ចជាតិ៕
ដោយ៖ សូរិយា