ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យទាំង២នាក់រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅទី១៧ ខែកក្កដា ឆ្នាំ ២០២៤ដើម្បីអនុវត្តតាមនីតិវិធី៕
សមត្ថកិច្ចប្រាប់ថា ដោយទទួលបានព័ត៌មានពីសន្តិសុខថា មានករណីលក់គ្រឿងញៀននៅចំណុចកាសុីណូនាគទិព្ធ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត នៅវេលាម៉ោង០០និង៣០នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះដល់ចំណុចកើតហេតុឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ១-ឈ្មោះ ធី អ៊ុកលឺម ហៅ រិ ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរអ្នកបកប្រែ បច្ចុប្បន្នស្នាក់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត(ជួញដូរ និងប្រើប្រាស់), ២-ឈ្មោះ ឈិន ជូជូ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត(ជួញដូរ រក្សាទុក និងប្រើប្រាស់)។ ក្នុងប្រតិបត្តិការនោះកម្លាំងបានចាប់យកវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទម្ស៉ៅម៉ត់ពណ៌ស (កេតាមីន) ចំនួន០៨ថង់កិប ស្មើនឹងទម្ងន់១៦៨,១០ក្រាម, កញ្ចប់ម្ស៉ៅរូបតុក្កតាឆ្មារពណ៌ផ្ទៃមេឃ (អ៊ិចស្តាស៊ី) ចំនួន១កញ្ចប់ ទម្ងន់ ៧០៨,៨០ក្រាម, កញ្ចប់ម្ស៉ៅរូបផ្លែស្ត្របឺរីពណ៌ខៀវ (អ៊ិចស្តាស៊ី) ចំនួន ១៥កញ្ចប់ ទម្ងន់ ១៩៣,៣០ក្រាម, កញ្ចប់ម្សៅរូបសេះពណ៌ក្រហម (អ៊ិចស្តាស៊ី) ចំនួន ០៦កញ្ចប់ ទម្ងន់ ៣២,៨០ក្រាម, ម្ស៉ៅម៉ត់ពណ៌ទឹកដោះគោ (សង្ស័យជាសារធាតុញៀន) ចំនួន ០២កញ្ចប់ ទម្ងន់ ៧១,៣០ក្រាម, ថ្នាំគ្រាប់រាងមូលពណ៌បៃតងចាស់ (សង្ស័យជាសារធាតុញៀន) ចំនួន ០៣កញ្ចប់ ស្មើនឹង៣២គ្រាប់ ទម្ងន់៤០,៨០ក្រាម, ទូរស័ព្ទ ចំនួន០២គ្រឿង(ម៉ាកIPhone-X ពណ៌ខ្មៅ, ម៉ាកOPPO ពណ៌ទឹកប៊ិច) រួមនឹងវត្ថុតាងមួយចំនួនទៀត ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំតាមនីតិវិធី។
លោកវរសេនីយត្រី៍ នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំ ជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានទិញគ្រឿងញៀនមករក្សាទុក ដើម្បីលក់ផង និងប្រើប្រាស់ដោយខ្លួនឯងផង។
ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។ ជនសង្ស័យទាំង២នាក់រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕
ដោយ ៖ វណ្ណា